Ad Code

លោក ​សួន​ បវរ​ ធ្វើការ​កោតសរសើរ​ម្ចាស់​ផ្សារ​រាត្រី​T M​ថា ​តាំងពី​មាន​តូប​លក់​២០​តូប ​រហូត​មាន​តូប​រាប់រយ​អ្នកលក់​មុខទំនិញ​លក់​ធូរ​ថ្លៃ​ លើកមុខ​មាត់​ខេត្ត​យ៉ាង​ខ្លាំង​



បន្ទាយមានជ័យ​ ៖ ​លោក​ ​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​ថ្លែង​កោតសរសើរ​ម្ចាស់​ផ្សារ​រាត្រី​T M ​ក្នុង​ពិធី​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ ដែល​មាន​ផ្ទៃក្រឡា​ជិត​៤.០០០​ម៉ែត្រក្រឡា ស្ថិត​នៅ​ខាងកើត​សួន​មានជ័យ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​ថា ​នេះ​ជា​មោទនភាព​យ៉ាង​ធំធេង​ណាស់​សម្រាប់​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​មាន​ផ្សារ​រាត្រី​T M​ ដ៏​ធំ​មួយ​ដំបូង​គេ​បង្អស់ ​ដែលមាន​អាជីវករ​លក់ដូរ​រាប់​រយ​តូប​ និង​មាន​ទំនិញ​ដាក់​លក់​គ្រប់មុខ​ និង​ទំនិញ​ហូបចុក​មិន​ខ្វះ​ដាក់លក់​ក្នុង​ផ្សារ​រាត្រី​យ៉ាង​ស្រស់​ត្រកាល​ មាន​សោភ័ណភាព​ ធ្វើ​ឲ្យ​អ្នក​ចូល​ទិញៗ​មិនចេះ​ជិនណាយ។

បើតាម​ការ​អះអាង​របស់​ លោក​ ជា​ សុវណ្ណ​ធួន​ និង​ អ្នកស្រី​ ប្លុង​ មុំ​ ម្ចាស់​ផ្សារ​រាត្រី​TM​បាន​ប្រាប់​លោក​អភិបាលខេត្ត​ឲ្យ​ដឹង​ថា ​ផ្សារ​រាត្រី​TM ​របស់​លោក​ចាប់ផ្ដើម​សាងសង់​នៅ​ទី១ ខែ​មករា ឆ្នាំ ២០១១ ចាប់ផ្ដើម​ចូល​លក់ ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១២​ ស្ថិត​នៅ​តាម​ផ្លូវ​បេនឡាន​ថ្មី តាម​ស្ពានថ្ម​ថ្មី​ប្រហែល​១០០​ម៉ែត្រ​ ក្នុង​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ផ្សារ​នេះ ​ចាប់ផ្ដើម គឺ​អាជីវករ​ចូល​លក់​មាន​តូប​ប្រហែល​២០​តែប៉ុណ្ណោះ ​រហូតដល់​មាន​អាជីវករ​ចូល​លក់​២៨០​តូប។

លោក ​ជា​ សុវណ្ណ​ធួន ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ផ្សារ​រាត្រី​TM​នេះ​ ជោគជ័យ​រហូតមកដល់​សព្វ​នេះ​ដោយសារតែ​អាជីវករ​ចូល​លក់​ដំបូង​ចេះ​រៀបចំ​កែច្នៃ​តូប​ដាក់​ភ្លើង​ចម្រុះ លាប​ពណ៌ ពិសេស​អីវ៉ាន់​ដាក់​លក់​មាន​របៀប​ ហើយ​តម្លៃ​ដាក់​លក់​ជាក់លាក់ ​មិន​កាត់ថ្លៃ​មិន​កោរ​អ្នកទិញ​ អាច​ទិញ​យក​ទៅប្រើ​ប្រាស់​បាន​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ដោយសារតែ​ផ្សារ​មាន​សោភ័ណភាព​មាន​សួនច្បារ​សម្រាប់​ក្មេង​លេង ពិសេស​ទៅទៀត​នោះ ​មាន​អភិរក្ស​ត្រី​ស្ទឹង​ធម្មជាតិ​ទៀត​ផង ​ធ្វើ​ឲ្យ​ទាក់ទាញ​មាន​ប្រជាពលរដ្ឋ​ចូល​មក​ទិញ​យ៉ាង​គគ្រឹកគគ្រេង​ពី​១​ថ្ងៃ​ ទៅ​១​ថ្ងៃ​តូប​ចំនួន​២៨០​តូប ​ត្រូវ​អតិថិជន​ទិញ​យក​អស់។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ផ្សារ​រាត្រី​របស់​លោក​ចាប់​បើក​លក់​ពី​ម៉ោង​១​រសៀល​ ដល់​ម៉ោង​១២​យប់ ហើយ​ទំនិញ​ដាក់​លក់​មានដូចជា ខោ អាវ កាបូប ស្បែកជើង ឥវ៉ាន់​សម្រាប់​ផ្ទះបាយ គ្រប់មុខ​មាន​គ្រឿងក្រអូប គ្រឿង​ហូបចុក មាន​ដូចជា គុយទាវ គ្រឿងក្លែម បង្អែម​ ហើយ​មាន​សន្តិសុខ​ល្អ​យាម​ទាល់​ភ្លើង​ភ្លឺ​ពេញ​ផ្សារ​។​

លោកស្រី​ផល ផល្លា អាជីវករ​លក់​ដំបូង​គេ​បង្អស់​បាន​និយាយ​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា​គាត់​ចូលមក​លក់​នៅ​ផ្សារ​រាត្រី​តាំងតែ​អ្នកលក់​មានតែ​២០​ប៉ុណ្ណោះ ​លក់​មិនសូវ​ដាច់​ទេ​ ដោយសារ​ការតស៊ូ ​និង​ព្យាយាម​ជា​កូន និង​កូនប្រសា​រិះរក​ធ្វើ​អ្វី​ប្លែកៗ ​ហើយ​មាន​ដាក់​លក់​ឥវ៉ាន់​ប្លែក ធ្វើ​តូប​លាប​ពណ៌​ឲ្យ​បាន​ស្អាត ស្រស់​ ស្រាប់​តែ​មាន​ភ្ញៀវ​ចូល​មក​ទិញ​ចាប់​បើក​លក់​រហូតដល់​បិត​តូប​។​

លោកស្រី ​ផល ផល្លា​ បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ គាត់​លក់​តាំងពី​តូប​១ ​រហូតដល់​តូប​៤ ​កូន​ប្រសា​២​តូប គាត់​២​ការលក់ដូរ​របស់​គាត់​រហូតមកដល់​សព្វថ្ងៃ​នេះ​ ជិត​៧​ឆ្នាំ​ហើយ ​នៅតែ​លក់ដាច់​រហូត​ធ្វើ​ឲ្យ​ជីវភាព​របស់​ក្រុមគ្រួសារ​របស់​ធូរធារ​យ៉ាងច្រើន​ មិនបាច់​ទៅធ្វើ​ចំណាកស្រុក​នាំ​តែ​ហត់​។​

ចំណែក ​លោក​ ខុន ​ប៊ុន ជា​មេ​ការ​លក់​គុយទាវ ថែ ណា​ម​តុ​ក ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា ​ថៅកែ​របស់គាត់​កាលពីមុន​បានធ្វើ​ចំណាកស្រុក​ស៊ីឈ្នួល​លក់​គុយទាវ​ឲ្យ​ថៃ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដោយសារតែ​ការ​ព្យាយាម តស៊ូ​ លួច​មើល​ចំណេះ ​និង​រូបមន្ត​ពី​ថៃ​យកមកអនុវត្ត​លក់​នៅ​ផ្សារ​រាត្រី​នេះ​ បាន​ជោគជ័យ​យ៉ាងខ្លាំង ​គ្រាន់តែ​លក់បាន​តែ​២​ឆ្នាំ​សោះ ​គុយទាវ​ណា​ម​តុ​ក ​របស់​គាត់​ល្បី​យ៉ាងខ្លាំង​ លោក​ចាប់​បើក​លក់​ពី​ម៉ោង​២ មាន​ភ្ញៀវ​ចូល​ហូប​ភ្លាម​ពេល​ខ្វះ​ភ្ញៀវ​ខ្ជិល​ដាំបាយ​ហូប​មក​ហូប​គុយទាវ​របស់​លោក​ជា​គ្រួសារ​ក៏មានដែរ​គាត់​បាន​បញ្ជាក់ទៀតថា ​ពាក្យចាស់ ​លោក​ពោល​ថា​សេចក្ដី​ព្យាយាម​តែងតែ​បាន​សម្រេច​ទោះបី​តិច​ក្តី​ច្រើន​ក្តី​។​

លោក​ ជា​ សុវណ្ណ​ធួន​ និង ​អ្នកស្រី​ប្លុង​មុំ​ម្ចាស់​ផ្សារ​រាត្រី​TM​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​អតិថិជន​មានការ​គាំទ្រ​ផ្សារ​របស់​លោក​ច្រើន​ឥត​គណនា​នោះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ​នាំគ្នា​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​ផ្ទះល្វែង​ជុំវិញ​ផ្សារ​រីក​ដូច​ផ្សិត ​ដើម្បី​ពង្រីក​មុខរបរ​តែ​រៀងខ្លួនៗ​បន្ត​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu