•ឆៃ សារ៉ា ជួប សាំង យុត
ប្រដាល់ ៖ ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ Carabao ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនSEA –TV បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ រវាង លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូត៍មានរិទ្ធ និង វ៉ាន់ វឿន អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់។
លាភ រដ្ឋា និង វ៉ាន់ វឿន ពួកគេពីរនាក់នេះ ក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនហ៊ានទស្សន៍ទាយមុនថា អ្នកណានឹងក្លាយជាម្ចាស់ជើងឯកខ្សែCarabao ទម្ងន់៥៧គ.ក្រនេះទេ ព្រោះថាអ្នកទាំងពីរមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា ហើយពួកគេក៏មិនធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយដែរ។
ក្នុងការប្រកួតក្នុងវគ្គជម្រុះកន្លងមក ទាំង លាភ រដ្ឋា ទាំងវ៉ាន់ វឿន សុទ្ធតែមិនស្គាល់ចាញ់ដូចគ្នា ពោលក្នុងការប្រកួត៤ប្រកួត ពួកគេវាយឈ្នះដៃគូប្រកួតទាំង៤ប្រកួតដូចគ្នា។
លាភ រដ្ឋា ក្នុងការប្រកួតជម្រុះក្នុងពូលជួបជាមួយអ្នកប្រដាល់ថៃ ដែលមាន៤ប្រកួតនោះ គេវាយឈ្នះទាំង៤ប្រកួត គឺបាន១២ពិន្ទុ។ អ្នកប្រដាល់ក្លិបដីឡូត៍មានរិទ្ធរូបនេះ គេមានកំណត់ត្រាប្រកួត៥៧លើក ឈ្នះ៤៣លើក ចាញ់១២លើក និងស្មើ០២លើក។
វ៉ាន់ វឿន មានស្នៀតគុនល្អ និងវាយខ្លាំងដែរ តែបើប្រៀបជាមួយ លាភ រដ្ឋា នោះ មិនដឹងថាយ៉ាងណានោះទេ។ វ៉ាន់ វឿន គេមានប្រវត្តិប្រកួតចំនួន៧៣លើក ឈ្នះ៥៩លើក ចាញ់១២លើក និងស្មើ០២លើក។
ប៉ុន្តែយ៉ាងណា វ៉ាន់ វឿន និង លាភ រដ្ឋា មិនប្រាកដថា នរណាឈ្នះ នរណាចាញ់ នោះទេ ព្រោះថាការដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនោះ ពួកគេទាំងពីរគឺមិនធម្មតានោះឡើយ។ ដូច្នេះ ចាំមើលរវាងលាភ រដ្ឋា និង វ៉ាន់ វឿន តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់Carabao ទម្ងន់៥៧គីឡូក្រាមនេះ ?។
ចំពោះគូដែលប្រកួតអមគូខ្សែក្រវាត់នេះ ជាការប្រកួតលក្ខណៈអន្តរជាតិ ដែលក្នុងនោះ ឆៃ សារ៉ា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ សាំង យុត (Saing Youth) ដោយប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ថៃ ដែលឆៃ សារ៉ា ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងនៅស្រុកថៃ។ សាំង យុត គេក៏ជាជើងខ្លាំងមួយរូបដែរ។ គេមានប្រវត្តិប្រកួត៨៦លើក ដោយវាយឈ្នះ៦៨លើក ចាញ់១៨លើក មិនដែលស្មើ ខណៈដែល ឆៃ សារ៉ា ក្នុងស្ថិតិប្រកួតចំនួន៦៩លើកនោះ ឆៃសារ៉ា ឈ្នះ៥៦លើក ចាញ់ ១២លើក ស្មើ០១លើក និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន១៥លើក។
សាំង យុត គេខានមកប្រកួតនៅកម្ពុជាយូរហើយ បន្ទាប់ពីមកប្រកួតលើកចុងក្រោយនៅសង្វៀនSEATVនេះ គេបានវាយចាញ់ រឿង សោភ័ណ្ឌ អ្នកប្រដាល់ជើងខ្លាំងក្លិបមកុដរាជសីហ៍ក្នុងទឹកទី៣។
សម្រាប់លើកនេះ មិនដឹងថា សាំង យុត អាចយកឈ្នះ ឆៃ សារ៉ា បានឬក៏អត់នោះទេ? ព្រោះ ឆៃ សារ៉ា គេជាជើងខ្លាំងស្រករក្រោយម្នាក់ ដែលធ្លាប់ផ្ដួលអ្នកប្រដាល់ថៃច្រើននាក់ហើយដែរកន្លងមក។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាង ឆៃ សារ៉ា និងសាំង យុត នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាអ្នកទាំងពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នានោះទេ៕
Source: Kampuchea Thmey Daily
0 Comments