ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ជាង២ឆ្នាំមកនេះ ក្រសួងបានរៀបចំព្រាងជាស្ថាពរហើយ បើទោះបីប្រទេសជាតិយើងមានភារកិច្ចសំខាន់ៗ ទាក់ទងនឹងការរៀបចំការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលថ្មី ការរៀបចំបុណ្យជាតិធំៗជាបន្តបន្ទាប់ តែយើងមានក្រុមការងាររបស់ក្រសួងធ្វើកិច្ចការនេះសហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា។
នេះជាប្រសាសន៍លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ នៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ បច្ចុប្បន្នក្រសួងបានព្រាងរួចរាល់ជាស្ថាពរហើយ។ ច្បាប់នេះមាន ៩ជំពូក និង៣៨មាត្រា ដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។
លោករដ្ឋមន្ត្រីបន្តថា ឥឡូវនេះសេចក្តីព្រាងច្បាប់នេះ ក្រសួងកំពុងរៀបចំឆ្លងអន្តរក្រសួង ព្រមទាំងបានអញ្ជើញគ្រប់ក្រសួង ដើម្បីពិភាក្សាសិក្សាប្រមូលធាតុចូលបន្ថែមលើច្បាប់នេះ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រី និងដាក់ជូនទៅរដ្ឋសភាអនុម័ត៕
Source: Kampuchea Thmey Daily
0 Comments