ភ្នំពេញ ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានធ្វើលិខិត ចំហជូនចំពោះស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុបថា កម្ពុជាមិនអនុញ្ញាតឲ្យអ្នកឯងរំលោភអធិបតេយ្យភាពរបស់យើងបាននោះទេ។ សូមកុំយកអំណាចរបស់ខ្លួន និងបក្សពួក មកដាក់គំនាបកម្ពុជា ដោយមានហេតុផលនយោបាយនៅពីក្រោយ។
យោងតាមលិខិតចំហរបស់លោក ជា ច័ន្ទបរិបូរណ៍ ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញ សង្គមបានឲ្យដឹងថា លិខិតចំហជូនចំពោះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប។
លិខិតនោះ សសេរ ថា គ្មានអ្វីប្លែកនោះទេ ដែលស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រការចាប់ផ្តើមដំណើរការនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA មកលើកម្ពុជា និងស្នើឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ខ្ញុំជាប្រជាជនកម្ពុជាបានដឹងយ៉ាងច្បាស់ថា ប្រទេសអ្នកឯងតែងតែប្រើហេតុផលពីរយ៉ាងនេះដើម្បីលូកដៃចូលផ្ទៃក្នុងប្រទេសដទៃទៀត។ ក៏ប៉ុន្តែ កម្ពុជាមិនអនុញ្ញាតឲ្យអ្នកឯងរំលោភអធិបតេយ្យភាពរបស់យើងបាននោះទេ។ សូមកុំយកអំណាចរបស់ខ្លួន និងបក្សពួក មកដាក់គំនៀបកម្ពុជា ដោយមានហេតុផលនយោបាយនៅពីក្រោយ ដើម្បីការពារ និងចង់ជួយដល់អ្នកនយោបាយខ្មែរមួយចំនួន ដែលជាកូនចៅរបស់ខ្លួន។
លោក បន្តថា យើងបានដឹងមុនរួចហើយថា EBA ពុំមែនជារបស់អមតៈសម្រាប់កម្ពុជានោះទេ ហើយវានឹងបាត់បង់នៅថ្ងៃណាមួយដោយសារតែកម្រិតសេដ្ឋកិច្ចកម្ពុជាកើនឡើង ខណៈដែលប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយក្រុមហ៊ុនដែលនាំចេញទៅអឺរ៉ុបក៏មិនបានខាតបង់ច្រើននោះដែរ គេនៅតែចំណេញ គ្រាន់តែចំណេញតិច។ ការដកអនុគ្រោះពន្ធនេះ មិនមែនជាលើកទី១នោះទេ គឺកម្ពុជាធ្លាប់បានបាត់បង់ម្តងរួចហើយលើទីផ្សារអាមេរិក ក៏ប៉ុន្តែក្រុមហ៊ុនដែលនាំចេញទៅអាមេរិក នៅតែដំណើរការដដែល។ យើងមិនខ្លាចរកស៊ីប្រកួតប្រជែងនោះទេ ពោលគឺរកស៊ីដោយបង់ពន្ធ ស្មើមុខស្មើសិទ្ធិគ្នានៅលើទីផ្សារអន្តរជាតិ។ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលកម្ពុជា និងសហភាពអឺរ៉ុបបានសហការគ្នាជាដៃគូ និងទទួលបានផលវិជ្ជមានជាច្រើនដែលនាំឲ្យកម្ពុជាទទួលបានផ្លែផ្កាជាច្រើនពីកិច្ចសហការនេះ។រហូតមកដល់ពេលនេះ អ្នកនិងបក្សពួកបែរជាសម្រេចចិត្តធ្វើបែបនេះ ដើម្បីជួយជ្រោមជ្រែងក្រុមឧទ្ទាមដែលមានបំណងចង់មកផ្លាស់ប្តូរភាពសុខសាន្តនៃកម្ពុជា។
អ្នកបានប្រកាសថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខ្ញុំសូមសួរវិញថា ចុះប្រសិនបើអ្នកថ្ងៃណាមួយ អ្នកនិងផ្តល់ការអនុគ្រោះពន្ធនេះដល់ប្រទេសវៀតណាម ដែលជាប្រទេសគ្រប់គ្រងដោយបក្សកុំមុយនីស តើប្រទេសវៀតណាម អាចចាត់ទុកថាជាប្រទេសគោរពសិទ្ធិមនុស្សដែរឬទេ? ឬមួយអ្នកចង់គាបសង្កត់សេដ្ឋកិច្ចកម្ពុជាដោយភ្ជាប់ជាមួយនឹងរឿងនយោបាយ ដើម្បីផលប្រយោជន៍បុគ្គលណាមួយដោយមិនគិតពីប្រយោជន៍រួមនៃប្រជាជនកម្ពុជា។
អ្នកប្រាកដជាគិតខុសហើយ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន មិនយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងជំនួយនោះទេ។ កម្ពុជាក៏សមល្មមដល់ពេលត្រូវប្រើសមត្ថភាពដោយខ្លួនឯង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិខ្លួនដែរ និងដល់ពេលដែលកម្ពុជាទទួលបានឱកាសការពារឯករាជ្យ អធិបតេយ្យភាព និងសេរីភាព គេចចេញពីការជ្រៀតជ្រែកពីសំណាក់បរទេសផងដែរ។ ជា ច័ន្ទបរិបូរណ៍ អតីត ប្រជាជនកម្ពុជា មួយរូប ដែលឆ្លងកាត់សម័យសង្គ្រាម៕
Source: Kampuchea Thmey Daily
0 Comments