ស្ទឹងត្រែង ៖ ស្ថិតក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងបញ្ជាផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ដារ៉ា និងដឹកនាំកម្លាំងចម្រុះ ដោយ លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត, រដ្ឋបាលព្រៃឈើខេត្ត បានសហការចុះបង្ក្រាបទីតាំងស្តុកឈើកែច្នៃទ្វារបង្អួចខុសច្បាប់ជាច្រើនកន្លែង នៅក្នុងភូមិស្រែគរថ្មី។
ប្រតិបត្តិការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចព្រៃមួយកន្លែង ស្ថិតក្នុងភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ បានលបលួចកែច្នៃឈើធ្វើទ្វារបង្អួចខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសេសាន ហើយបានដឹកតាមរថយន្តសាំយ៉ុង ចេញទៅទីផ្សារគោលដៅរៀងរាល់យប់។
លោកវរសេនីយ៍ឯកបានបន្តថា ទីតាំងបង្ក្រាបនេះ នៅខែមីនាឆ្នាំ២០១៨ កន្លងមក សមត្ថកិច្ចធ្លាប់បានបង្ក្រាបម្តងរួចមកហើយ តែទីតាំងនេះ ហាក់បីដូចមិនរាងចាល បានផ្លាស់ទីតាំងចាស់មកបង្កើតទីតាំងថ្មី នៅក្នុងព្រៃ និងបានកាប់ឈើដឹកជញ្ជូនតាមគោយន្តរាប់សិបម៉ែត្រគូប ដើម្បីកែច្នៃធ្វើទ្វារបង្អួច។
លោកបន្តថា ឈើដែលបង្ក្រាបនេះ ជាប្រភេទឈើសុក្រំប្រភេទឈើលេខ១ ដែលមានមុខកាត់ចាប់ពី ដែលមានប្រវែងចាប់ពី១ម៉ែត្ររហូតដល់៥ ទៅ៦ម៉ែត្រ ហើយគេផែច្រៀកកែច្នៃទៅជាទ្វារបង្អួចដឹកទៅកាន់ទីផ្សារនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន ឈើ ដែលមានទំហំច្រើនសន្ធឹកសន្ធាប់ដែលគេប៉ាន់ស្មានថា មានប្រមាណជា២០ ទៅ ៣០ ម៉ែត្រគូបនោះ សមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យ និងដើម្បីរកមធ្យោបាយដឹកជញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments