សៀមរាប ៖ រថយន្តកែច្នៃបើកឆ្លងផ្លូវកាត់ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសង់ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ រីឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។
ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខដេប៉ូសាំង ឈ្មោះ ស្រី ចំរើន ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅថ្ងៃទី១៣កុម្ភៈនេះថា មានរថយន្តកែច្នៃពណ៌ទឹកសមុទ្រ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅឆ្លងថ្នល់ពីត្បូងបត់ទៅលិច។ បានបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៦ ពាក់ស្លាកលេខសៀមរាប1W-3983 អ្នកបើកបរ ឈ្មោះ ខុន ភីរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ( ទិសដៅពីលិចទៅកើត)បណ្តាលឲ្យស្លាប់១នាក់ ឈ្មោះ ខុន ភារិទ្ធ និងខូចខាតម៉ូតូមួយគ្រឿងធ្ងន់។
លោកបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ពិនិត្យវាស់វែង ហើយប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីបំពេញតាមនីតិវិធី។ ក្រោយពេលបុកអ្នកបើកបររថយន្តកែច្នៃរត់គេចខ្លួន មូលហេតុឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន៕
Source: Kampuchea Thmey Daily
0 Comments