ព្រៃវែង ៖ លោក វេជ្ជបណ្ឌិត ហ៊ន់ ឬទ្ធិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា នៅទូទាំងខេត្តមានមណ្ឌល ធ្វើតេស្តឈាម និងរក្សាសម្ងាត់មាន៦០កន្លែង ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថប្រឆាំងមេរោគអេដស៍៣កន្លែង និង២២កន្លែងទៀត នៅតាមមណ្ឌលសុខភាព។លោកបន្តថា នៅខេត្តព្រៃវែងមានអ្នកផ្ទុកមេរោគអេដស៍ ក្នុងឆ្នាំ ២០១៥ មានចំនួន ២៦៤៨នាក់ ចំនួនអ្នកផ្ទុកមេរោគអេដស៍រកឃើញថ្មី៣៧នាក់ ចំនួនអ្នកព្យាបាលជំងឺឱកាសនិយម១៨៧នាក់ និងចំនួនអ្នកទទួលឱសថប្រឆាំងមេរោគអេដស៍២៤៦១នាក់។ និងស្ត្រីមានផ្ទៃពោះដែលបានធ្វើតេស្តឈាមចុងម្រាមដៃរកមេរោគអេដស៍មានចំនួន១៥៣០១នាក់។
លោក ឡុង ថាត អភិបាលរងខេត្តព្រៃវែង តំណាង ឯកឧត្តម ហាស់ សារ៉េត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ខេត្តព្រៃវែង បានបញ្ជាក់ថា អត្រាអ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ដែលធ្លាប់តែរីករាលដាលមេរោគអេដស៍ធ្ងន់ធ្ងរបំផុតនៅឆ្នាំ១៩៩៨ ដោយមានអត្រាអ្នកផ្ទុកមេរោគអេដស៍ ១,៦% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ គឺនៅឆ្នាំ២០១៥នេះ កម្ពុជាបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានជោគជ័យ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍បន្ដធ្លាក់ចុះមកត្រឹម ០,៦% នៅឆ្នាំ២០១៥នេះ។រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាកាត់ផ្ដាច់ទាំងស្រុងនូវការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូននៅត្រឹមឆ្នាំ២០២០ខាងមុង។
លោក ឡុង ថាត អភិបាលរងខេត្តព្រៃវែង បានបញ្ជាក់ថា ៖ ទន្ទឹមនឹងភាពជោគជ័យដ៏ធំធេងនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចយើងទេ។ ទោះបីជាករណីឆ្លងថ្មីក្នុងមួយថ្ងៃ បានថយចុះពី ៦៨ នាក់ ក្នុងឆ្នាំ១៩៩៨ មកត្រឹមតែ ២ នាក់ ក្នុងឆ្នាំ២០១៥ នេះ ពិតមែន តែការព្រួយបារម្ភមួយចំនួន នៅមាននៅឡើយ ។ អត្រាផ្ទុកមេរោគអេដស៍នៅតែខ្ពស់លើក្រុមប្រឈមបីក្រុម គឺ ក្រុមស្ត្រីធ្វើការកន្លែងសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស/ក្រុមបំលែងភេទ និងក្រុមអ្នកប្រើគ្រឿងញៀន ដែលទាំងបីក្រុមនេះ លើសពី ៥០% គឺជាយុវវ័យ”។
លោក ឡុង ថាត អភិបាលរងខេត្តព្រៃវែង កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយ អង្គការសហប្រជាជាតិ ក្នុងការសម្រេចមហិច្ឆតាដ៏ធំធេង នៃការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការឆ្ពោះសម្រេចគោលដៅយុទ្ធសាស្ត្រ ៩០-៩០-៩០ នៅឆ្នាំ២០២០។ នេះមានន័យថា ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ នឹងដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩០% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យឃើញមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ប្រកបដោយចីរភាព ៩០%នៃអ្នកទាំងអស់ ដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ នឹងគ្មានវីរុសក្នុងឈាម ហើយជាងនេះទៅ គឺធានាថា គ្មាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនទទួលការថែទាំ និងព្យាបាលឡើយ។
លោក ឡុង ថាត អភិបាលរងខេត្តព្រៃវែង បានបញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវចេះស្វែងយល់ពីការបង្ការមេរោគអេដស៍ និងចេះការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន ត្រូវចងចាំថា ការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ និងអ្នករស់ជាមួយមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឲ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាត កុំចម្លងទៅអ្នកដទៃ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមប្រញាប់រួសរាន់ទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក។
មិនត្រូវមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់ ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការ ពារផ្លូវច្បាប់។ សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសយុវជន ត្រូវបន្តចូលរួមប្រយុទ្ធនឹងមេរោគអេដស៍គ្រប់ពេលវេលា ជៀសវាងការប្រព្រឹត្តទាំងឡាយណា ដែលធ្វើឲ្យខ្លួនឯងក្លាយជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍។ ទោះជានៅទីណាក៏ដោយ គឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឲ្យចេះការពារខ្លួនដូចគ្នា។ ក្នុងពិធីនេះផងដែរ សាខា បានឧបត្ថម្ភ ដល់អ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួម ចំនួន ៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ចំនួន ២០,០០០រៀល និង ចុះសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអ្នកជំងឺ ដែលផ្ទុកមេរោគអេដស៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ២៧នាក់ ក្នុង១នាក់ ទទួលបាន អង្ករ ៣០គក មី ១កេស ត្រីខ ១យួរ ឃីត ១កញ្ចប់ និងថវិកា ចំនួន ២០,០០០រៀល៕
លោក ឡុង ថាត អភិបាលរងខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងទិវាប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ នៅខេត្តព្រៃវែង
0 Comments