កំពង់ចាម ៖ លោក មិន ឃិន មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា អ្នកណារំដោះប្រជាជនរាប់លាននាក់ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម? អ្នកណាធ្វើឲ្យជាតិរស់ឡើងវិញ? គឺមានតែគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះជាតិ សង្គ្រោះជីវិតមនុស្ស ដែលមានតម្លៃថ្លៃណាស់រកអ្វីមកប្រៀបផ្ទឹមពុំបានទេ…។
លោក មិន ឃិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋបែបនេះ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៥ ក្នុងឱកាសដែលលោកអញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកកងមាស ប្រមាណជាង៣១៥នាក់ក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកមាស ខេត្តកំពង់ចាម។
លោកបន្ដថា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ប្រជាពលរដ្ឋយើងបានចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមពុំមានអ្វីទាំងអស់សូម្បីតែសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនប្រចាំគ្រួសារក៏មានការលំបាកខ្វះមុខខ្វះក្រោយវេទនាណាស់។ លោកបន្ដថា គណបក្សប្រជាជនកម្ពុជាបានខិតខំអំពាវនាវដល់អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ប្រទេសសង្គមនិយមខ្លះនាពេលនោះ គឺខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានរស់រួចផុតពីការស្លាប់ ដែលរស់រហូតមកដល់សព្វថ្ងៃនេះដោយតាំងពីគ្មានអ្វីទាំងអស់រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះហើយកំពុង ធ្វើការអភិវឌ្ឍន៍បន្តទៅទៀត។
លោក មឿង ផា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានអានសាររបស់សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសង្កត់ធ្ងន់ថា ការរំលឹកថ្ងៃជ័យជំនះ ៧មករា ១៩៧៩-៧ មករា ២០១៥គឺជាខួបលើកទី៣៦នៃការរំដោះប្រទេសជាតិនិងប្រជាជនបានមកវិញពីរបបយង់ឃ្នងព្រៃផ្សៃពីសំណាក់របប ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ។
លោក មិន ឃិន មានប្រសាសន៍បន្ថែមថា ប្រទេសយើងកំពុងមានសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើគ្រប់វិស័យ កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ លំហូរចូលវិនិយោគិនពីបរទេសហើយវិស័យទេចរណ៍បានធ្វើឲ្យសេដ្ឋកិច្ចលូតលាស់រីកចម្រើនជាលំដាប់។លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកសាងប្រទេសជាតិលើគ្រប់វិស័យនាំមកនូវសន្តិភាព ការរំដោះជាតិ ការអភិវឌ្ឍប្រកបដោយចិរភាព៕

0 Comments