Ad Code

ស្រុក​បាភ្នំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ទិវា​ជ័យជំនះ​៧​មករា​


ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៥ នៅ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​បាន​ប្រារព្ធ​ខួប អនុស្សាវ​រីយ៍​លើក​ទី​៣៦ ទិវា​ជ័យជំនះ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩-ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥ ក្រោម​អធិបតី​ភាព លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាភ្នំ អមដំណើរ​មន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក អភិបាល អភិបាលរង ស្រុក មន្ត្រីរាជការ​ជុំវិញ​សាលាស្រុក ព្រមទាំង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជិត​៤.០០០​នាក់។
លោក ម៉ៅ អៀង ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ស្រុក​បាភ្នំ​ឡើង​អាន​សន្ទរកថា សម្ដេច​អគ្គ​ធម្មពោធិកសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​រួចមក លោកស្រី ឯម គឹម​ម​ន្ថា តំណាង​ឲ្យ​សមាជិក សមាជិកា​ក្នុង​អង្គ​មិទ្ទិញ​ទាំងមូល​បាន​ឡើង​ធ្វើ​ចំណាប់​អារម្មណ៍ និង​ប្ដេជ្ញា​ចិត្ត​ទាំង​អួល​ដើម​ក​ថា លោកស្រី​នៅ​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​ការ​ធ្វើ​ទារុណ​កម្ម​ដ៏​សាហាវព្រៃផ្សៃ បង្អត់អាហារ​ហូប​មិន​គ្រប់គ្រាន់​ធ្វើការ​ហួស​កម្លាំង​ឪពុក​ព្រាត់កូន កូន​ព្រាត់​ម្តាយ គួរ​ឲ្យ​សង្វេគ​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ឡើយ ហើយ​អ្នកស្រី​ប្ដេជ្ញា​ចងចាំ​ជានិច្ច​ថ្ងៃ​ទី​៧ ខែ​មករា ជា​ទិវា​ជ័យជំនះ​លើ​របប​ប្រល័យពូជសាសន៍​មាន​ថ្ងៃ​ទី​៧ ខែ​មករា ទើប​មាន​អ្វីៗ​គ្រប់យ៉ាង​មក​ដល់​សព្វ​ថ្ងៃ​នេះ។​
លោក ព្រំ សុខា បាន​ឡើង​មាន​មតិ​សំណេះសំណាល​ក្នុង​អង្គ​មិទ្ទិញ​ទាំងមូល​រំលឹក​ឡើងវិញ​នូវ​ការ​ឈឺចាប់​សេចក្តី​ស្រេកឃ្លាន​រស់​រង់​ចាំ​ថ្ងៃ​ស្លាប់​ដូច​រស់​ក្នុង​នរក​ប្រាំបួន​ជាន់ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ចងចាំ​មិន​ភ្លេច​ការ​ធ្វើ​ទារុណកម្ម​គ្រប់បែបយ៉ាង​មក​លើ​រូបរាងកាយ ហើយ​គួរ​ឲ្យ​អាណិតអាសូរ​បំផុត ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាង​៣​លាន​នាក់​ដែល​ស្លាប់​នៅក្នុង​របប​ប្រល័យពូជសាសន៍។​
លោក​បាន​លើក​ឡើង​ទៀត​ថា អ្នក​ដែល​មិន​ទទួលស្គាល់​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ប្រជាជន​ខ្មែរ​រស់​ក្នុង​នរក គឺ​ក្នុង​របប​ប្រល័យពូជសាសន៍​នេះឯង។ ដូច្នេះ​បើ​គ្មាន​ថ្ងៃ​ទី​៧ ខែ​មករា នោះ​ទេ ក៏​ពួក​យើង​មិន​អាច​មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វថ្ងៃ​នេះ​ដែរ៕
សារ៉ាត់​

Post a Comment

0 Comments

Close Menu