ភ្នំពេញ ៖ លោក វើក សាមឿន ចៅសង្កាត់ដង្កោ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ បានថ្លែងឲ្យដឹងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ សម្រាប់ប្រជាពលរដ្ឋទូទៅរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតបានជួបជុំក្រុមគ្រួសារ ប្រពន្ធ កូន បងប្អូន រួបរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបានធូរធាររស់នៅបានសុខសាន្តរហូតមកដល់ពេលនេះ។
លោក វើក សាមឿន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងសម័យប៉ុលពត ប្រជាជនខ្មែរទូទៅ បានដឹង បានឮដោយសម័យនោះ គឺពួកគេបង្ខំឲ្យធ្វើការលើសកម្លាំងហូបមិនគ្រប់គ្រាន់ ហើយប្រើប្រាស់មនុស្សជំនួសសត្វគោ ក្របី ជំនួសគ្រឿងយន្ត ប្រើមនុស្សដូចជាសត្វ។ ដោយឡែកប្អូនៗក្មេងៗជំនាន់ក្រោយដែលមិនទាន់ដឹងព័ត៌មាននេះ សូមសួរទៅលោកយាយ លោកតា មាមីង ឪពុក ម្តាយ ជាសាក្សីពីព្រោះពួកគាត់ធ្លាប់ហែលឆ្លងកាត់ជំនាន់ដ៏ជូរចត់នេះ។ ដូច្នេះអ្វីដែលយើងទាំងអស់គ្នាមានសេចក្តីសុខរហូតមកដល់ពេលនេះ គឺថ្ងៃ៧មករា ហើយបើគ្មានថ្ងៃ៧មករានោះទេ យើងក៏មិនអាចមានអ្វីៗទាំងអស់ដូចបច្ចុប្បន្ននេះដែរ។
លោកចៅសង្កាត់ដង្កោបានលើកឡើងបន្តថា ដោយសារថ្ងៃ៧មករានេះហើយ ទើបបានជាប្រទេសជាតិទាំងមូល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ វត្តអារាម អគារ តូច ធំ គ្រប់ប្រភេទ ជាពិសេសគឺស្ពានអាកាសដែលមិនធ្លាប់មានពីមុនមកធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកោតសសើរគ្រប់ៗគ្នា។ ប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត គឺដោយសារមានថ្ងៃ៧មករា ហើយសមិទ្ធផលនានាក៏ចាប់កើតមានឡើងនៅទូទាំងប្រទេសចាប់ពីពេលនោះមក។ ដូច្នេះយើងទាំងអស់គ្នាត្រូវគាំទ្រថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើង ទើបប្រទេសជាតិមានអ្វីៗទាំងអស់រហូតមកដល់ពេលនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក វើក សាមឿន បានរំលឹកថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតជនរងគ្រោះទាំងចាស់ ទាំងក្មេង ទាំងបុរស ស្ត្រី ដែលភាគច្រើនជាសាស្ត្រាចារ្យ បញ្ញវ័ន្ត និងនិស្សិត ត្រូវបានពួកខ្មែរក្រហមនាំយកទៅសម្លាប់ដោយវាយនឹងត្បូងចប គល់ឫស្សី និងដែកភ្លៅរទេះជាដើម ស្លាប់គ្មានសល់ ធ្វើឲ្យប្រពន្ធព្រាត់ប្ដី ម្តាយព្រាត់កូន មីងព្រាត់ពូ រស់នៅទាំងវេទនាជាទីបំផុត។ ដោយមើលឃើញប្រទេសជាតិធ្លាក់ចូលក្នុងរបបកាប់សម្លាប់ និងការដឹកនាំអមនុស្សធម៌របស់ពួកខ្មែរក្រហមប៉ុលពត ទើបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច ហេង សំរិន បានផ្ដួលរំលំរបបមហាប្រល័យនេះ ហើយបានរំដោះប្រទេស និងប្រជាជននៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕
រ៉ាវុទ្ធ
0 Comments