សៀមរាប ៖ ការចូលកាន់តំណែងជាប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងប្រធាន អនុប្រធានការិយាល័យក្រោមឱវាទនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តសៀមរាប ក្នុងនាមលោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ( សាយ សំអាល់ ) លោកយិន គីមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកបង្ហាញឲ្យដឹងថា ឆ្នាំ២០១៥នេះ ក្រសួងបរិស្ថានរួមមានយុទ្ធសាស្ត្រសសរស្ដម្ភ៣ ដែលជាផែនការយុទ្ធសាស្ត្រស្តីអំពីការគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និង សសរស្ដម្ភទី៣ គឺជាផែនការយុទ្ធសាស្ត្រស្តីអំពីការរស់នៅប្រកបដោយចិរភាព។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីនេះ លោក ភួង លីណា ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខដំណែងជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលរួមមាន ការតែងតាំងមុខតំណែងអនុប្រធានមន្ទីរចំនួន២រូប ប្រធានការិយាល័យក្រោមឱវាទចំនួន២រូប និងអនុប្រធានការិយាល័យចំនួន៣រូប។
លោកប៊ុន ថាឬទ្ធិ អភិបាលរងខេត្តបានថ្លែងថា ការប្រកាសតែងតាំងមុខដំណែងនេះគឺជាការប្រគល់ភារកិច្ច និងផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឲ្យសាមីខ្លួន ត្រូវតែបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ជំនះឲ្យបានរាល់ភាពលំបាកនានាដែលកើតមានឡើងកន្លងមក។
លោកយិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការលំបាកកន្លងមកនៅខេត្តសៀមរាប គឺត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្ដីពីបញ្ហាប្រឈម ក្នុងនោះរួមមាន ការគ្រប់គ្រងសំណល់ដោយសារតែការចូលរួមនិងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។ ជាមួយគ្នានេះ បញ្ហាប្រឈមក៏បានលើកឡើងផងដែរអំពីការលួចកាប់ឈើ ការកាប់រានព្រៃធ្វើស្រែចំការ ការហ៊ុមព័ទ្ធដីព្រៃបំពានធ្វើកម្មសិទ្ធិនៅតែបន្តមាននៅក្នុងតំបន់ការពារធម្មជាតិ។
លោកបានថ្លែងថា មានបញ្ហាប្រឈម គឺត្រូវតែមានដំណោះស្រាយ។ លោកបានបង្ហាញថា សម្រាប់ឆ្នាំ២០១៥នេះ ក្រសួងបរិស្ថានមានគោលនយោបាយយុទ្ធសាស្ត្រ ក្រោមបន្ទាត់នៃការអនុវត្តផែនការនានា ដែលមានសសរស្ដម្ភ៣ជាឆ្អឹងខ្នង។ លោកបានបន្តថា សសរស្ដម្ភទី១គឺស្តីអំពីការគាំពារបរិស្ថាន ដែលសម្រាប់កិច្ចការនេះ ក្រសួងសេដ្ឋកិច្ចបានទម្លាក់កញ្ចប់ថវិកា៥លានដុល្លារអាមេរិកសម្រាប់ការងារគ្រប់គ្រងកាកសំណល់សំរាម។ សសរស្ដម្ភទី២គឺសម្រាប់ការងារអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធម្មជាតិឲ្យមាននិរន្តរភាព ហើយកិច្ចការក្នុងសសរស្ដម្ភទី២នេះ ត្រូវបានប្រើប្រាស់ប្រព័ន្ធអន្តរស្ថាប័ន ដែលមានក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងមហាផ្ទៃនិងមានរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ សហការគ្នាដើម្បីកំណត់ផែនទីឯកភាពប្រើប្រាស់ដីធ្លីប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព។ លោកបានបន្តទៀតថា សសរស្ដម្ភទី៣គឺការរស់នៅប្រកបដោយចិរភាព។ ជាមួយកិច្ចការនេះ រាជរដ្ឋាភិបាលមានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ដែលស្ថាប័នទាំង២នេះគឺជាដៃគូធ្វើការរួមគ្នាដើម្បីជំរុញឲ្យមានការអភិរក្សនិងអភិវឌ្ឍន៍ទីក្រុងបៃតងប្រកបដោយនិរន្តរភាព ដែលកិច្ចការនេះត្រូវបានអនុវត្តដោយយោងតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨៕
គឿនវេត


0 Comments