Ad Code

ការ​ប្រកួត​កីឡាបាល់បោះ​សៀមរាប​ផ្ទះ​ខ្ញុំ​ ក៏​ជា​កីឡា​ដើម្បី​សុខភាព​របស់​យើង​ផង​ដែរ


សៀមរាប ៖ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥​កន្លងមក មាន​ការប្រកួត​កីឡាបាល់បោះ ក្រោម​អធិបតីភាព​របស់​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ដណ្ដើម​ពាន​រង្វាន់​សៀម​រាប​ផ្ទះ​ខ្ញុំ​លើក​ទី​១-រដូវ​កាល​ឆ្នាំ​២០១៤-២០១៥​ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​វិទ្យាល័យ ១០​មករា​១៩៧៩។ ការរៀបចំ​បើក​ការប្រកួត​នេះ គឺ​ស្ថិត​ក្រោម​កិច្ចសហការ​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) ជាមួយ​សមាគម​កីឡាបាល់បោះ​ខេត្តសៀមរាប ដោយ​មានការ​គាំទ្រ​ផង​ដែរ​ពី​សំណាក់​មន្ទីរអប់រំ​យុវជន​និង​កីឡា។

លោក​ ទៀ ទី​ហា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) បាន​គូស​បញ្ជាក់​ថា ការប្រកួត​កីឡាបាល់បោះ​ដណ្ដើម​ពាន​រង្វាន់​សៀមរាប​ផ្ទះ​ខ្ញុំ គឺ​ត្រូវ​បាន​ស្ថិត​ក្រោម​ប្រធានបទ កីឡា​ដើម្បី​សុខភាព។ ​លោក​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នេះ​គឺជា​ប្រធានបទ​ថ្មី​នៅក្នុង​យុទ្ធ​នាការ​សៀមរាប​ផ្ទះ​ខ្ញុំ ដែល​បាន​បង្កើត​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) ដែល​ក្នុង​នោះ​រួមមាន ​ប្រធានបទ​ទី​១-គឺ​សំអាត​ក្រុង​សៀមរាប​ដើម្បី​សោភ័ណភាព បរិស្ថាន និង​អនាម័យ។ ប្រធានបទ​ទី​២-ដាំ​កូនឈើ​ដើម្បី​រួមចំណែក​ជំរុញ​ចលនា​ទេសចរណ៍​បៃតង កសាង​ភាព​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ប្រធានបទ​ទី​៣-ចូលរួម​សកម្មភាព​បំផុស​ចលនា​ការពារ​សុវត្ថិភាព​ចរាចរណ៍ និង​ប្រធានបទ​ថ្មី​ទី​៤​នេះ​កីឡា​ដើម្បី​សុខភាព។​

លោក​អភិបាលខេត្ត​សៀមរាប ( ឃឹម ប៊ុន​សុង )​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) ដែល​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​រិះរក កសាង​ចលនា​សកម្មភាព​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​ដែល​ជា​ពិសេស​នោះ បាន​ធ្វើ​ឲ្យ​យុវជន យុវនារី​កម្ពុជា​បាន​យល់​កាន់​ច្បាស់​អំពី​តម្លៃ​របស់​ខ្លួន ក្នុងនាម​ជា​ធនធានមនុស្ស​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ចលនា​អភិវឌ្ឍន៍​ប្រទេស។

លោក​បាន​សង្កត់​ធ្ងន់​ថា ប្រធានបទ​ទាំង​៤​ខាង​លើ​នេះ​គឺ​សុទ្ធតែ​មាន​សារសំខាន់ ដែល​មិន​ត្រឹម​តែ​បាន​ផ្តល់​នូវ​ការ​ចែក​រំលែក​ពុទ្ធិ​សម្រាប់​យុវវ័យ​ឲ្យ​ស័ក្តិសម​ជា​អនាគត​ទំពាំង​ស្នង​ឫស្សី​ប៉ុណ្ណោះ​ទេ។ តែ​ប្រធានបទ​ទាំងនេះ ត្រូវ​បាន​បង្ក​ឱកាស​ឲ្យ​យុវជន យុវនារី បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ចម្រាញ់​យក​បាន​ជា​បទ​ពិសោធន៍​ល្អៗ ដើម្បី​គុណភាព​នៃ​បន្តវេន​របស់​យុវជន​ជំនាន់​ក្រោយៗ​ទៀត​ផង​ដែរ។ លោក​បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រធានបទ​ទាំង​៤​ខាងលើ និង​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ផង​ដែរ​ថា តទៅ​ខាងមុខ​ទៀត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) នឹង​បាន​បង្កើត​ឡើង​នូវ​ប្រធានបទ​ថ្មីៗ​បន្ត​ទៀត​ដើម្បី​រួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្នុង​ដំណើរ​ឆ្ពោះទៅ​វឌ្ឍន​ភាព​នៃ​សង្គមជាតិ។

ជាមួយនឹង​ការ​បើក​ដំណើរការ​ជា​ផ្លូវការ ការប្រកួត​កីឡាបាល់បោះ​ដណ្ដើម​ពាន​រង្វាន់ សៀម​រាប​ផ្ទះ​ខ្ញុំ​លើក​ទី​១-សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤-២០១៥​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ការប្រកួត​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​១​សប្ដាហ៍​ម្តង​ជា​រៀងរាល់​ថ្ងៃ​សៅរ៍។ មកដល់​ថ្ងៃ​សៅរ៍ ទី​១៧ ខែមករា ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​បើក​ដំណើរការ​ជា​ផ្លូវការ​នេះ ការប្រកួត​បាន​ឈាន​មកដល់​សប្ដាហ៍​ទី​៤​ហើយ​របស់​ក្រុម​កីឡាករ​បាល់បោះ​ទាំង​៦​ក្រុម​ដែល​បាន​ចូលរួម​ប្រកួត។ របាយការណ៍​ប្រកួត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​សប្ដាហ៍​នៃ​ការប្រកួត​កន្លងមក ក្នុង​ក្រុម​និមួយៗ បាន​ឆ្លងកាត់​ចំនួន​៣​ប្រកួត​រួច​មក​ហើយ។ ជា​លទ្ធផល​ក្រុម SR Reapers ដណ្ដើម​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​មាន​៦​ពិន្ទុ​នៅក្នុង​ដៃ​សម្រាប់​ឆ្ពោះទៅ​ការប្រកួត​សន្សំ​ពិន្ទុ​បន្ត​ទៀត។ ក្រុម​Angkorians​ទទួល​បាន​ពិន្ទុ​៥​។ ក្រុម​Angkor Youth ដណ្ដើម​បាន​៥​ពិន្ទុ ស្មើនឹង​ក្រុម Angkorians ​ចំណែកឯ​ក្រុម​Siemreap Titans ទទួល​បាន ៤​ពិន្ទុ ហើយ​ក្រុម Dooxy SR ជា​ក្រុម​បាត​តារាង​ទទួល​បាន​៣​ពិន្ទុ៕

គឿន​ វេត


Post a Comment

0 Comments

Close Menu