Ad Code

រៀបចំ​ការប្រកួត​អុក​ដណ្ដើម​ពានរង្វាន់​សម្ដេច​ហ៊ុន សែន​ ឆ្នាំ​២០១៥


សៀមរាប ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​អុក​(​ចត្រង្គ​) ដើម្បី​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន លើក​ទី​២ ​ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប។

ការរៀបចំ​ប្រកួត​អុក​នេះ គឺ​ដើម្បី​អបអរ​អង្គរ​សង្ក្រាន្ត ​ឆ្នាំ​២០១៥ ដែល​ផ្ដួចផ្ដើម​ដោយ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​នឹង​ធ្វើ​នៅ​អំឡុង​ខែមេសា​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នោះ។​

លោក​ វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា ឆ្នាំ​នេះ​ការរៀបចំ​ខុសពី​ឆ្នាំមុន ដោយ​មិន​កំណត់​ចំនួន​អ្នកចូលរួម​ត្រឹម​៦៤​នាក់​ដូច​មុន​នោះ​ទេ គឺ​បើក​ទូលាយ​ទាំងប្រុស​ ទាំងស្រី ចាប់ពី​អាយុ​៨​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​នៅក្នុង​ការប្រកួត​ជម្រុះ​ដែល​ធ្វើ​នៅ​ភ្នំពេញ​នេះ គឺ​ជ្រើស​រើស​យក​អ្នក​ខ្លាំង​តែ​ចំនួន​៨​នាក់​ប៉ុណ្ណោះ ដើម្បី​ទៅ​ប្រកួត​វគ្គ​៨​នាក់​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅមុន​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​នោះ។​

តាម​គណៈកម្មាធិការ​រៀបចំ​បាន​ឲ្យ​ដឹង​ថា ការប្រកួត​នេះ​ចែកចេញជា​២​ដំណាក់​កាល គឺ​ដំណាក់​កាល​ទី​១​-ការប្រកួត​ចាប់ផ្ដើម​ពី​ខែ​មិនា​ទៅ​នោះ​គឺជា​ដំណាក់កាល​ប្រកួត​ជម្រុះ ដែល​ការ​ប្រកួត​នេះ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ការ​ប្រកួត​នេះ​ធ្វើតាម​រូបមន្ត​ជម្រុះ។​

ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ខែកុម្ភៈ​តទៅ​ចំពោះ​រង្វាន់​ដែល​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​នោះ សម្រាប់​លេខ​១​បាន​៣.០០០​ដុល្លារ លេខ​២​បាន​២.០០០​ដុល្លារ លេខ ៣​បាន​១.០០០​ដុល្លារ និង​លេខ​៤​បាន​រង្វាន់​លួង​ចិត្ត​៥០០​ដុល្លារ។ អុក​មាន​ប្រភព​ដើម​ពី​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញ​តាមរយៈ​រឿង​មហាភារតៈ​ ដែល​រឿង​នេះ​មាន​តាំងពី​៤.០០០​ឆ្នាំមុន​គ្រិស្ដសករាជ​ម្ល៉េះ។ អុក​បាន​ចូល​មក​ប្រទេស​កម្ពុជា​តាមរយៈ​ពាណិជ្ជករ​ឥណ្ឌា​នា​សតវត្ស​ទី​១។ នៅ​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ នា​ខេត្តកំពង់ធំ​មាន​ប្រសាទ​មួយ​ឈ្មោះថា​ប្រាសាទ​អុក ដែល​នេះ​ជា​ភស្តុតាង​បន្ថែម​លើ​ភស្តុតាង​ដែល​មាន​នៅ​អង្គរវត្ត និង​ប្រាសាទ​ដទៃទៀត។​

ល្បែង​អុក​ឬ​ចត្រង្គ គឺជា​ល្បែង​ល្បងប្រាជ្ញា​មួយ​ប្រភេទ ដែល​បង្ហាញ​ពី​យុទ្ធវិធី​ក្នុង​ការ​រៀបចំ​ក្បួន​ បញ្ជា​ ទប់ទល់ វាយប្រហារ​ជាមួយ​សត្រូវ ពិសេស​ចេះ​ពី​របៀប​គ្រប់គ្រង​ដឹកនាំ​វាយលុក ឬ​ដក​ថយ​តាម​ក្បួន​យុទ្ធសាស្ត្រ។ ល្បែង​អុក​ឬ​ចត្រង្គ​នេះ គឺ​វា​ជា​ព្រលឹង​អត្តសញ្ញាណ​ជាតិ និង​ជា​ព្រលឹង​វប្បធម៌​មួយ​យ៉ាង​ពេញនិយម​តាំងពី​សម័យ​អង្គរ។​

តាម​លោក ​ឯម ហៀ​ង ដែល​ជា​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ធ្លាប់​បាន​អះអាង​ឲ្យ​ដឹង​ថា តាម​បទបញ្ជា​ប្រកួត​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ ហើយ​នៅពេល​ប្រកួត​កីឡាករ​គ្រប់ៗ​រូប ឲ្យ​តែ​កាន់​គ្រាប់​អុក​ណា​ហើយ ត្រូវ​តែ​ដើរ​គ្រាប់​អុក​នោះ បើ​មិន​ព្រម​ត្រូវ​កំណត់​ឲ្យ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ។ នៅពេល​ប្រកួត​នេះ​ដែរ បើ​កីឡាករ​-​កីឡាការិនី​រូប​ណា​ចង់​ប្ដូរ​ទីតាំង​គ្រាប់​អុក​ខុស​បទបញ្ជា​និង​ក្បួនច្បាប់​នៃ​ល្បែង​អុក​ខ្មែរ​(​ដើរ​ច្រឡំ​ក្រឡា​)​នោះ អាជ្ញាកណ្ដាល​អនុញ្ញាត​ឲ្យ​យក​គ្រាប់​អុក​នោះ​មក​ដាក់​ចំ​ក្រឡា​វិញ តែ​ត្រូវ​ទទួល​ការព្រមាន​លើក​ទី​១។ តែបើ​មាន​កំហុស​លើក​ទី​២​នឹង​ត្រូវ​កំណត់​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ។ ពេល​ប្រកួត​នេះ​ដែរ បើ​កីឡាករ​-​កីឡាការិនី​រូប​ណា​បាន​ប្ដូរ​ទីតាំង​គ្រាប់​អុក​ដាក់​ចំ​ក្រឡា​ត្រឹមត្រូវ​តាម​បទបញ្ជា​នៃ​ល្បែង​អុក​ខ្មែរ​ហើយ បាន​លា​ម្រាមដៃ​ចេញពី​គ្រាប់​អុក​នោះ គឺ​ត្រូវ​ចាត់ទុកថា​បានការ តែ​មិន​អនុញ្ញាត​ឲ្យ​ប្ដូរ​ទីតាំង​គ្រាប់​អុក​នោះ​ម្ដងទៀត​ទេ។ គ្រាប់​អុក​ដែល​មាន​ឈ្មោះថា នាង និង ខុន ចាប់​ចេញដំណើរ​ប្ដូរ​ទីតាំង​លើកដំបូង​ដើរ​បាន​២​ក្រឡា។ ការប្រកួត​មាន​រយៈ​ពេល​៦០​នាទី។ គួរ​បញ្ជាក់​ថា ការប្រកួត​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៤​កន្លងមក ជើងឯក​គឺ​បាន​ទៅ​កីឡាករ​ ឈៀវ បូរ៉ា លេខ​២​ កីឡា​ គ្រួច ចន្ថា​រិ​ទ្ធ​លេខ​៣ កីឡាករ​សូ សុ​ភី និង​លេខ ៤ កីឡាករ​កែវ វ​ឌ្ឍ​នា៕

វិ​សិទ្ធ



Post a Comment

0 Comments

Close Menu