​បាត់ដំបង ៖ គេ​សង្កេត​ឃើញថា ក្នុង​មួយថ្ងៃៗ​សត្វ​ស្លាប​គ្រប់​ប្រភេទ​ រាប់​រយ រាប់ពាន់​ក្បាល ត្រូវ​បាន​គេ​សម្លាប់​យក​មក​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ ដោយមាន​ទាំង​ឆៅ និង​មាន​ទាំង​ឆ្អិន ដែល​គេ​បាន​បំពង​រួចជាស្រេច​សម្រាប់​ឲ្យ​អតិថិជន​ចូល​ទៅ​អង្គុយ​ពិសារ​យ៉ាង​ឆ្ងាញ់​ជាមួយនឹង​ទឹកត្នោតជូរ នៅ​តា​ម​កញ្ចុះ​ដែល​គេ​បាន​សង់​ឡើង​នៅ​សងខាង​ផ្លូវ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​មើលទៅ​ហាក់​ដូ​ច​ជា​មិន​រំខាន​ដល់​ស្ថាប័ន​ជំនាញ​ណាមួយ​ទាល់តែសោះ។​


​បើ​គេ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ភ្នំពេញ​ទៅ​បាត់ដំបង ដល់​ត្រង់​ចំណុច​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង គេ​នឹង​ប្រទះឃើញ ទីតាំង​លក់​សត្វ​ស្លាប​គ្រប់​ប្រភេទ​នេះ​ជា​មិន​ខាន ព្រោះ​ប្រជាពលរដ្ឋ​បាន​សង់​កញ្ចុះ​ជា​ពីរ​ជួរ​នៅ​អម​សងខាង​ផ្លូវ​ ដោយមាន​ដាក់​ព្យួរ​នូវ​សត្វ​ស្លាប​ប្លែកៗ​គ្រប់​ប្រភេទ ទាំង​ឆៅ ទាំង​ឆ្អិន សម្រាប់​ឲ្យ​អតិថិជន​ចូល​ទៅ​អង្គុយ​ពិសារ ក្លែម​ជាមួយនឹង​ទឹកត្នោតជូរ ឬក៏​អាច​វេច​ខ្ចប់​យក​ទៅ​ផ្ញើ​សាច់ញាតិ​នៅ​ឯ​ផ្ទះ​ក៏បាន។​


​កន្លងមក​អ្នកលក់​មួយចំនួន​ធ្លាប់​បាន​និយាយ​ថា មាន​អង្គភាព​ជំនាញ​មួយចំនួន​បាន​ទៅ​យក​លុយ​ដាក់​ខែ​ជាប់​ជាប្រចាំ ដោយ​ក្នុង​នោះ​ក៏​មាន​ទាំង​ខាង​អង្គការ​មួយចំនួន​ផង​ដែរ​ ប៉ុន្តែ​ក្រោយមក​ការ​យក​លុយ​នេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​ខាង​អង្គការ​វ៉ា​យ​អេ​ត​ចុះ​ចាប់ ​មួយ​លើក​ជា​ពីរ​លើក​រួចមក។​


​ថ្មីៗ​នេះ​ស្ត្រី​មួយ​រូប​ ដែល​ជា​អ្នកលក់​សត្វ​ស្លាប​នេះ​ដែរ​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា សត្វ​ស្លាប​ទាំង​នេះ​គឺ​មាន​ឈ្មួញ​ដឹក​យក​មក​នៅពេល​ទៀបភ្លឺ ដើម្បី​បោះ​ដុំ​ឲ្យ​លក់​គឺ​អាច​បាន​កម្រៃ​ក្នុង​មួយ​ក្បាល​ចាប់ពី​៥០០​រៀល ដល់​ ១​ពាន់​រៀល ទៅតាម​សត្វ​តូច ​ឬ​ធំ​តែប៉ុណ្ណោះ​ គួបផ្សំ​ជាមួយនឹង​ទឹកត្នោតជូរ​បន្ថែម​ទៀត ដូច្នេះ​គាត់​អាច​រកបាន​ខ្លះ​សម្រាប់​របប​ប្រចាំថ្ងៃ​នៅក្នុង​គ្រួសារ​របស់​គាត់ ទោះបី​ជា​មាន​ការ​ចាប់​ម្តងម្កាល​ក៏ដោយ ព្រោះ​វា​បញ្ហា​ត្រង់​ថា​ បើ​គាត់​លក់​សត្វ​ក្រួច ​ដែល​គេ​ចិញ្ចឹម​ក្នុងស្រុក​នោះ គេ​មិន​បរិភោគ​ឡើយ​គឺ​អ្នកទិញ​គេ​សួររក​ តែ​សត្វព្រៃ​តែប៉ុណ្ណោះ។​


​ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ថ្មីៗ​នេះ​ដូចជា​ស្ងាត់​អ្នក​ដែល​មក​សុំ​លុយ រីឯ​ជំនាញ​ក៏​មិនដែល​ឃើញ​មក​ដែរ ប៉ុន្តែ​មាន​ម្តង​គឺ​ខាង​អង្គការ ដែល​មាន​ឯកសណ្ឋាន​បរិស្ថាន បាន​មក​សុំ​សត្វ​ឆ្អិន​យក​ទៅ​បរិភោគ ដោ​យ​ពួកគេ​មិន​យក​ទេ​សត្វ​ក្រួច​ដែល​ចិញ្ចឹម នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ សូម្បីតែ​ខាង​ជំនាញ​ក៏​រក​សត្វ​ព្រៃ​ហូប​ដែរ ពិតជា​ឆ្លាត​មែន។​


​ដោយសារតែ​បញ្ហា​នេះ​ហើយ​បានជា​ប្រជាពលរដ្ឋ​ ដែល​លក់​នៅ​ទី​នេះ​មិនសូវ​ព្រួយបារម្ភ​នឹង​ការ​ចាប់​ចង​ទៀត​នោះ​ទេ ព្រោះ​ខាង​អស់លោក​ជំនាញ​មួយចំនួន​គាត់​ចូលចិត្ត​បរិភោគ​សត្វ​ស្លាប​នេះ​ដែរ ដូ​ច្នេះ​វា​ជា​ការ​ងាយ​បំផុត​សម្រាប់​ការ​លួង​ចិត្ត​ដល់​ពួកគាត់ នេះ​ហើយ​ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​សត្វ​ស្លាប​នៅ​ក្នុង​តំបន់​ព្រៃរនាម​វិនាស​ហិនហោច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​គ្មាន​ការ​អភិរក្ស​ទាល់តែសោះ៕


19-12-2015a1




ទីផ្សារ​សត្វ​ស្លាប​គ្រប់​ប្រភេទ កំពុង​ពេញនិយម​នៅក្នុង​ភូមិ​ស្វាយ​កង់​