ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ធ្វើការឃាត់ខ្លួនបានជាក់ស្ដែង ក្នុងខណៈពេលដែលជនសង្ស័យទាំង០២នាក់នេះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់បានសម្រេច ហើយនៅពេលរត់គេចខ្លួនមកដល់អាណាចក្រខណ្ឌ ទួលគោក ក៏ត្រូវប៉ូលិសស្ទាក់ចាប់បានតែម្ដង។
ជនសង្ស័យត្រូវបានកម្លាំងល្បាតរបស់ប៉ូលិសខណ្ឌទួលគោកស្ទាក់ចាប់បានកាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃ១០ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយពីធ្វើសកម្មភាពឆក់នៅរបងស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៧ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះត្រូវបានគេស្គាល់ ទី១-ឈ្មោះ យិន ច័ន្ទរ័ត្ន ហៅត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជាអ្នកឆក់ )។ ទី២-ឈ្មោះ យី ចិត្រា ហៅ ភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវ លំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ជូ លីមីញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារលែនស្កែប មុខរបរអ្នកទេសចរណ៍។
ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ប៉ូលិសដកហូតបានទូរស័ព្ទមួយគ្រឿងម៉ាក I Phone 6 ពណ៌មាស ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2016 គ្មានស្លាកលេខ មានលេខតួ និងលេខ ម៉ាស៊ីន 947597 ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល១៥និង០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះបានជិះរ៉ឺម៉កម៉ូតូកង់បីទៅឈប់នៅជាប់របងស្ថានទូតចិន ហើយបានចុះទាញទូរស័ព្ទមកថត ស្រាប់តែជនសង្ស័យ២នាក់នេះជិះម៉ូតូអែបក្បែរ រួចឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច និងបានព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមៗនោះ មានអ្នកដំណើរតាមពីក្រោយ ព្រមទាំងស្រែកចោរៗ រហូតដល់ចំណុចផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទើបកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានស្ទាក់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ប៉ូលិសខណ្ឌទួលគោកបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ឆក់ទូរស័ព្ទជនជាតិចិនម្នាក់បានសម្រេចពីខណ្ឌចំការមន ស្ទាក់ចាប់បានជនសង្ស័យ០២នាក់នៅទួលគោក
0 Comments