កំពង់ឆ្នាំង ៖ កុមារប្រុស-ស្រី៤នាក់បងប្អូន រស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស បានក្លាយជាក្មេងកំព្រា ដោយឪពុកបោះបង់ចោលទៅមានប្រពន្ធចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃបាត់ដំណឹងឈឹង សព្វថ្ងៃរស់នៅជាមួយជីដូនអាយុ៧៥ឆ្នាំ បច្ចុប្បន្នបានចៅប្រុសច្បងអាយុ១៤ឆ្នាំ និង១២ឆ្នាំ ធ្វើការស៊ីឈ្នួលច្រូតកាត់ និងលីសែងឈើឲ្យគេ យកអង្ករច្រកឆ្នាំង។ ដោយឡែកមានទុក្ខលំបាកវេទនាយ៉ាងនេះហើយ នៅមានបងប្រុសជីដូនមួយ អាយុ៣៤ឆ្នាំ ម្នាក់ចិត្តតិរច្ឆានចាប់រំលោភប្អូនស្រីទី៣ អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដង ហើយគេចខ្លួនបាត់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥នេះទៀត។
លោក យាយ តៃ អាយុ៧៥ឆ្នាំ និងចៅទាំង៤នាក់ បានឲ្យដឹងថា ចៅគាត់ទាំង៤នាក់គឺចៅបងបង្អស់មាន អាយុ១៤ឆ្នាំ និងចៅស្រីពៅមានអាយុ៩ឆ្នាំ។ ម្តាយពួកគេទាំង៤នាក់បានទៅធ្វើកម្មករនៅប្រ ទេសថៃយូរឆ្នាំមកហើយ មុនដំបូងធ្លាប់បានផ្ញើប្រាក់មកជួយចិញ្ចឹមកូនខ្លះដែរ តែក្រោយមកបាត់ដំណឹងឈឹង។ ចំណែកឪពុកពួកគេវិញចុះចោលកូន បែកទៅមានប្រពន្ធថ្មីបាត់ទៅ បន្សល់នៅពួកគេទាំង៤នាក់ ត្រូវធ្លាក់បន្ទុកមកលើគាត់ តែគាត់ទ្រុឌទ្រោមចាស់ជរាមិនអាចរកស៊ីចិញ្ចឹមចៅៗបានឡើយ។ សព្វថ្ងៃបានចៅប្រុសច្បង ឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ឆ្លៀតពីការរៀនសូត្របានទៅស៊ីឈ្នួលដឹកកណ្ដាប់ ច្រូតស្រូវ និងលីសែងឈើឲ្យគេ ទើបបានប្រាក់បន្តិចបន្តួច យកមកឲ្យគាត់ទិញអង្ករ និងម្ហូប។
លោក យាយ បានបន្តថា ចៅៗវេទនាប៉ុណ្ណឹងហើយ នៅមានឈ្មោះ ឈិន ខុម អាយុ៣៤ឆ្នាំ ជាបងប្អូនជីដូនចៅៗនៅភូមិជាមួយគ្នា បានចាប់កូនចៅទី៣ អាយុ១១ឆ្នាំរំលោភជាច្រើនដងទម្រាំបែកការណ៍ ឥឡូវគេរត់ចោលស្រុកបាត់ទៅទៀត។ លោកយាយ និងចៅៗទាំង៤នាក់បានលើកដៃសំពះ ស្នើសុំដល់សប្បុរសជនរស់នៅទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយដល់ពួកគាត់ផង ដែលពួកគាត់កំពុងមានការខ្វះខាតខ្លាំងណាស់។ ចំណែកកុមារទាំង៤នាក់ ក៏បានសំណូមពរដល់សប្បុរសជន សូមមេត្តាជួយឧបត្ថម្ភកង់បាន១គ្រឿង សម្រាប់ជិះទៅរៀនផង ព្រោះសព្វថ្ងៃពេលទៅរៀន ជិះកង់តែមួយ៤នាក់។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ពាក់ព័ន្ធនឹងបទល្មើសចាប់រំលោភខាងលើ សំណុំរឿងបានដល់ស្នងការនគរបាលខេត្ត និងដល់តុលាការខេត្តហើយដែរ តែជនល្មើសបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕
កុមារក្រីក្រ៤នាក់ រស់នៅជាមួយជីដូនចាស់អាយុ៧៥ឆ្នាំ សុំអំពាវនាវរកជំនួយ
0 Comments