Ad Code

កម្លាំង​ជំនាញ​បាន​ត្រឹម​តែ​ដក​ហូត​វត្ថុ​តាង ​ដោយសារ​របស់​ប្រើប្រាស់​ជនល្មើស​ទំនើប​ជាង

ពោធិ៍សាត់ ​៖​ ជនល្មើស​បាន​ទម្លាក់​វត្ថុ​តាង​ឧបករណ៍​បទល្មើស​អូស​អួន​ទឹកសាប​ទំនើប (​យុំាង​កាវ​) នៅ​ដែន​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​​៦​ រួច​បើក​កាណូត​ល្បឿន​លឿន​ជាង​របស់​ជំនាញ​ជលផល​គេច​ខ្លួន​ឆ្លង​ចូល​ទឹកដី​ខេត្ត​សៀមរាប​បាត់។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​៤​​ទៀបភ្លឺ​ថ្ងៃ​ទី​១០​ ខែ​មករា ឆ្នាំ​២០១៦​ ត្រង់​ចំណុច​តំបន់​ប្រឡាយ​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​​៦​ ក្នុង​សង្កាត់​កណ្ដៀង ​ខេត្ត​ពោធិ៍សាត់។


លោក​ពុទ្ធ ស៊ុន​លី​ នាយរង​ផ្នែក​ជលផល​ក្រគរ​បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ករណី​នេះ ​លោក​បាន​ត្រៀម​ជាមុន​​ ​ដោយ​ប្រើប្រាស់​កាណូត​តូច​ធំ​ចំនួន​៧​គ្រឿង​ បំពាក់​ដោយ​គ្រឿង​​ម៉ាស៊ីន ​និង​កម្លាំង​ជំនាញ​ជលផល ​មាន​សង្កាត់​កណ្ដៀង​ខាង​អភិរក្ស សហគមន៍​ ព្រមទាំង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​​សរុប​​​ចំនួន​២៥​នាក់​ ​ដើម្បី​ស្ទាក់​ការពារ​តំបន់​អភិរក្ស​ជលផល​ខាង​លើ​នេះ។


លោក​បន្ត​ថា​ ស្រាប់តែ​​​រំលង​ទៀបភ្លឺ​ថ្ងៃ​កើតហេតុ​នោះ​ ​​យើង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​នេសាទ​នៅ​តាម​ដង​ទន្លេ​​សាប​ ថា​បាន​ឃើញ​​​ជនល្មើស ប្រើ​ឧបករណ៍​បទល្មើស​អួន​អូស​ទឹកសាប​ ពីរ​គ្រឿង ដោយ​​​បើក​ចេញ​មកពី​ទឹកដី​ខេត្ត​សៀមរាប ​ឆ្ពោះ​ត្រង់​មកកាន់​តំបន់​អភិរក្ស​ខាង​លើ។ គ្រាន់តែ​កម្លាំង​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​ផ្ទៃមេឃ​ចាប់ផ្ដើម​ប្រែ​ជា​​​មាន​ពពក​ខ្មៅ ហើយ​ភ្លៀង​មួយ​មេ​​យ៉ាង​ធំ​​ងងឹត​ឈឹង​រកមើល​អ្វី​ពុំ​ដឹង​កោះ​ត្រើយ​ឡើយ ​សូម្បី​តែ​សំឡេង​ម៉ាស៊ីន​កាណូត​ ក៏​មិន​ឮ​ដែរ ​ព្រោះ​សំឡេង​គ្រាប់​ភ្លៀង​ខ្លាំង​ពេក។ លុះ​​ម៉ោង​​ទៀបភ្លឺ​មេឃ​ក៏​​ប្រែ​ពណ៌ ហើយ​​ភ្លៀង​​ក៏​រាំង​ដាច់​អស់​ ទើប​កម្លាំង​​​ចាប់ផ្ដើម​ចេញ​ប្រតិបត្តិការ ​នៅ​តំបន់​អភិរក្ស​នោះ ​បាន​ចម្ងាយ​ប្រមាណ​ជា​៤​ទៅ​៥​រយ​​ម៉ែត្រ​ ក៏​​ឃើញ​ជនល្មើស​កំពុង​ ប្រើ​ឧបករណ៍​បទល្មើស​អូស​អួន​ទឹកសាប​ក្នុង​តំបន់​នោះ​ចំនួន​​២​វង់​ យ៉ាង​សកម្ម។ ភ្លាម​នោះ​កម្លាំង ​ដែល​​បាន​បែងចែក​ជា​​ស្រេច​ ក៏​បង្កើន​ល្បឿន​​ម៉ាស៊ីន​កាណូត​ទាំង​​៧​គ្រឿង​តូច​ធំ​ដេញ​ ព័ទ្ធ​ចាប់​ជនល្មើស​នោះ ​ហើយ​​ពួកគេ ក៏​​បាន​ទម្លាក់​ឧបករណ៍​ល្មើស​ទាំង​នោះ​​​ចោល ​រួច​នាំគ្នា​បើកកាណូត ​របស់​គេ​ពីរ​គ្រឿង​​​ដែល​ទំនើប​ ​និង​មាន​ល្បឿន​លឿន ជាង​របស់​ប្រើប្រាស់​ជំនាញ​សមត្ថកិច្ច​យើង​ គេច​ឆ្លង​ទៅ​ទឹកដី​ខេត្ត​សៀមរាប​បាត់ស្រមោល​តែម្ដង។ ពេល​នោះ​ពួកគេ ​បាន​បន្សល់​ទុក​តែ​​ឧបករណ៍​បទល្មើស​អួន​អូស​ទឹកសាប​ទាំងពីរ​វង់​(យុំាង​កាវ​) និង​ត្រី​ចម្រុះ​នៅ​ក្នុង​សាច់​អួន​នោះ​រាប់​រយ​គីឡូ​ ហើយ​កម្លាំង​ក៏​ចាក់​ចូល​ទៅ​តំបន់​អភិរក្ស​នោះ​វិញ រួច​យក​វត្ថុ​តាង​នេះ​ មក​កាន់​​ស្នាក់ការ​រក្សាទុក​ដុត​កម្ទេច​ចោល។


លោក​ពុទ្ធ ស៊ុន​លី​​ បាន​បញ្ជាក់​ចុង​ក្រោយ​ថា ជា​រឿយ​ៗ​ ពួក​បទល្មើស​ទាំងនេះ ​តែងតែ​ចាំ​មើល​ឧកាស​ហុច​ឲ្យ​ទេ​ ជាពិសេស​មេឃ​ធ្លាក់​ខ្យល់​ខ្លាំង​ និង​ធ្លាក់​ភ្លៀង​ ពួកគេ​ច្រើនតែ​ចេញ​ពី​តំបន់​ទឹង​ដី​ខេត្ត​សៀមរាប ដោយ​ប្រើ​សុទ្ធតែ​ទូក​កាណូត​បំពាក់​គ្រឿង​​ម៉ាស៊ីន​​ទំនើប​ ដែល​មាន​ល្បឿន​លឿន ​ឆ្លង​មក​តំបន់​អភិរក្ស​ខេត្ត​ពោធិ៍សាត់​ធ្វើ​សកម្មភាព​ រួច​ឆ្លង​ទៅវិញ។ នៅ​ពេល​សមត្ថកិច្ច​យើង​ដេញ​ចាប់​ពួកគេ ​គឺ​មិន​ងាយ​នឹង​បើកកាណូត​ដេញទាន់​ឡើយ ហើយ​ពួក​នេះ​សាហាវៗ​ខ្លាំងណាស់៕



កម្លាំង​ជំនាញ​បាន​ត្រឹម​តែ​ដក​ហូត​វត្ថុ​តាង ​ដោយសារ​របស់​ប្រើប្រាស់​ជនល្មើស​ទំនើប​ជាង

Post a Comment

0 Comments

Close Menu