ប៉ូលិសមូលដ្ឋាន បាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេនៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា ខណៈដែលអាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តកំពុងព្យាយាមផ្តល់ស្បៀងអាហារ និងជំនួយដល់ជនរងគ្រោះ។
ភ្លៀងធ្លាក់រដូវមូសុងដ៏ខ្លាំងបានវាយប្រហាររដ្ឋ Karen, រដ្ឋ Mon និងតំបន់ Bago ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះហើយមិនបង្ហាញពីសញ្ញានៃការថមថយនោះទេដែលជាហេតុបង្កើនភាពភ័យខ្លាចថា រឿងហេតុអាក្រក់បំផុតនឹងកើតឡើង។
ប្រមុខកងកម្លាំងប៉ូលិសរដ្ឋ Karen លោក Kyi Linn បានប្រាប់ AFP ថា “មានមនុស្សជាង៦,០០០ នាក់បានផ្លាស់ទីលំនៅក្នុងទីក្រុង Hpa-an និងប្រហែល៤,០០០នាក់នៅ Myawaddy”។
មុននេះ មន្ត្រីក្រសួងសុខុមាលភាពសង្គមបាននិយាយថា មនុស្សចំនួន១៦,០០០នាក់បានផ្លាស់ទីលំនៅនៅតាមទីប្រជុំជនចំនួន៨ក្នុងរដ្ឋ Karen ។
លោកស្រី Khin San Win ដែលភៀសចេញពីផ្ទះរបស់នាងជាមួយប្តីដែលមានជំងឺនិងកូនចំនួនបីនាក់បាននិយាយថា “សាលារៀនរបស់កុមារបានបិទទ្វា។ យើងកំពុងទទួលបានស្បៀងអាហារប៉ុន្តែយើងមិនអាចទិញអ្វីផ្សេងទៀតបានទេដោយសារតែយើងមិនអាចធ្វើការបាន”។
រដ្ឋាភិបាលរបស់លោកស្រី អ៊ួងសាន ស៊ូជី បានបញ្ចេញទឹកប្រាក់ចំនួន១៤០,០០០ដុល្លារដើម្បីជួយដល់អ្នកជម្លៀសទាំងនោះ។ រដ្ឋាភិបាលនិយាយថា ការស្ថាបនាឡើងវិញនៃស្ពានដែលត្រូវបានបំផ្លាញគឺជាអាទិភាពមួយ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានជនរងគ្រោះណាមួយត្រូវបានរាយការណ៍នៅឡើយទេ។
ដូចជាប្រទេសជិតខាងរបស់ខ្លួនដែរ, មីយ៉ាន់ម៉ាបានប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំហើយកាលពីឆ្នាំ២០១៥ អ្នកវិទ្យាសាស្ដ្រអាកាសធាតុបានដាក់ប្រទេសនេះនៅចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីនៃប្រទេសលើពិភពលោកដែលរងគ្រោះដោយអាកាសធាតុខ្លាំងបំផុត។
នៅឆ្នាំនោះ មនុស្សជាង១០០នាក់បានស្លាប់ដោយសារទឹកជំនន់ហើយមនុស្សរាប់សែននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments