គណបក្សប៉ាគីស្ថានជាច្រើន ទាមទារការបោះឆ្នោតថ្មី បន្ទាប់ពីលោក Khan ទទួលជ័យជំនះ
គណបក្សធំៗរបស់ប្រទេសប៉ាគីស្ថាន បានច្រានចោលលទ្ធផលនៃការបោះឆ្នោតដែលឈ្នះដោយតារាកីឡាគ្រីកឃីតលោក Imran Khan ហើយកាលពីថ្ងៃសុក្រ បានប្រកាសអំពីការតវ៉ាទាមទារឲ្យមានការបោះឆ្នោតថ្មីបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍បរទេសបានរិះគន់ការបោះឆ្នោតនេះជុំវិញការចោទប្រកាន់អំពីការលួចបន្លំ។
សេចក្តីប្រកាសដោយគណបក្ស All Parties Conference (APC) រួមទាំងគណបក្ស Pakistan Muslim League-Nawaz (PML-N) ផងដែរនោះគឺជាឧបសគ្គថ្មីមួយចំពោះអំណាចរបស់លោក Khan នៅពេលលទ្ធផលឆ្នោតដែលពន្យារពេលបានបង្ហាញថា គាត់បានទទួលជ័យជំនះយ៉ាងធំធេងថ្វីបើគាត់នឹងត្រូវស្វែងរកក្រុមចម្រុះមួយដើម្បីបង្កើតរដ្ឋាភិបាលមួយក៏ដោយ។
ការបោះឆ្នោតទូទាំងប្រទេសដែលប្រារព្ធឡើងកាលពីថ្ងៃពុធគឺត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងក្រុមអ្នកសង្កេតការណ៍ដទៃទៀតបន្ទាប់ពីមានការអះអាងជាទូទៅថា យោធាដ៏មានអំណាចបានព្យាយាមជួយលោក Khan ឲ្យទទួលបានជ័យជំនះ។
វាត្រូវបានគេដាក់ឈ្មោះថា “ការបោះឆ្នោតដ៏កខ្វក់បំផុតរបស់ប៉ាគីស្ថាន” ប៉ុន្តែរហូតមកដល់ពេលនេះ ការទទួលជ័យជំនះរបស់លោក Khan គឺជាការបញ្ចប់នៃភាពជាអ្នកដឹកនាំវិលជុំច្រើនទសវត្សរ៍រវាងគណបក្ស PML-N និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) ដែលត្រូវបានបង្អាក់ដោយយុគសម័យយោធា។
PML-N និងគណបក្សដទៃទៀតបានចោទប្រកាន់អំពីការលួចបន្លំចំពោះការរាប់សន្លឹកឆ្នោត។
លោក Maulana Fazalur Rehman ប្រធានគណបក្ស Jamiat Ulema-e-Islam (JUI-F) បានប្រាប់អ្នកយកព័ត៌មានថា “យើងគិតថា អំពើប្លន់ត្រូវបានប្រព្រឹត្តឡើង”។ លោកបាននិយាយថា “យើងនឹងធ្វើចលនាមួយដើម្បីឲ្យរៀបចំការបោះឆ្នោតម្តងទៀត។ នឹងមានការតវ៉ា យើងនឹងមិនអនុញ្ញាតឲ្យលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ជាចំណាប់ខ្មាំងនោះទេ”។
ចំណែកគណបក្ស PML-N ដែលអះអាងថាខ្លួនគឺជាគោលដៅរបស់យោធានោះបាននិយាយថា ខ្លួននឹងចូលរួមនៅក្នុងបាតុកម្មបើទោះបីជាគ្មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសភ្លាមៗក៏ដោយ។
ការបោះឆ្នោតនេះត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យដ៏កម្រមួយនៅក្នុងប្រទេសមូស្លីមមួយនេះដែលត្រូវបានគ្រប់គ្រងដោយកងទ័ពដ៏មានឥទ្ធិពលសម្រាប់ពាក់កណ្តាលនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ប៉ុន្តែវាត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សានិងការចោទប្រកាន់អំពីការជ្រៀតជ្រែកផ្នែកយោធានៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមុនឈានដល់ការបោះឆ្នោតដោយលោក Khan ត្រូវបានគេមើលឃើញថាជាអ្នកទទួលផល៕ AFP
Source: Kampuchea Thmey Daily
0 Comments