ភ្នំពេញ ៖ ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងនគរបានខណ្ឌទួលគោក ដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកធ្វើការឃាត់ ដោយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំនិង២កញ្ចប់តូច ខណៈជនសង្ស័យរូបនេះជិះម៉ូតូឆ្លងកាត់ ហើយប៉ូលិសឆែកឆេរឃើញមានថ្នាំញៀននោះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះភក្ត្រ័ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសំណង់ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើត ភូមិស្វាយលិច ឃុំស្វាយលិច ស្រុកកងមាស ខេត្តកំពង់ចាម។
មន្ត្រីប៉ូលិសផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះគឺ ប៉ូលិសទួលគោកបានកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ ខណៈនោះក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1CO-3796 ឆ្លងកាត់ដោយដៅទិស ពីជើងទៅត្បូង។ ខណៈឃើញប៉ូលិសដាក់គោលដៅជនសង្ស័យ ក៏បានយកថ្នាំញៀន ដែលខ្លួនលាក់ទុកនៅក្នុងកញ្ចប់បារីទម្លាក់ចោល។ តែដោយកម្លាំងសមត្ថកិច្ចមានកាសង្ស័យបានហៅឲ្យឈប់រួចដើរទៅរើសកញ្ចប់បារី មើលឃើញថ្នាំញៀន២កញ្ចប់ធំនិង២កញ្ចប់តូច ទើបសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments