សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចេញសេចក្តីប្រកាសលេខ៣១៣/១៨ ស.ប.ក/ស.ជ.ណ នៅថ្ងៃសុក្រ ទី២៧ខែកក្កដា ឆ្នាំ២០១៨ បានជូនដំណឹងស្តីពីជ្រើសរើសសិក្ខាកាមចំនួន៤០នាក់ដើម្បីចូលសិក្សាវគ្គ«មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍បាល់ទាត់ (FFC Event Managerment Course) នៅចុងខែសីហា ខាងមុខ។
លិខិតផ្លូវការនេះបានជូនដំណឹងថា វគ្គសិក្សានេះធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៨ ដោយគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ សហព័ន្ធនឹងចេញថ្លៃស្នាក់នៅ អាហារ និងសោហ៊ុយធ្វើដំណើរដល់សិក្ខាកាមដែលចូលរួមទាំងអស់។ ចំណែកលក្ខខណ្ឌនៃការចូលរួមនោះ គឺកំណត់យកសិក្ខាកាមជាដែលជាសមាជិកនៅតាមមន្ទីរអប់រំយុវជននិងកីឡាគ្រប់ខេត្ត-រាជធានី សមាគម/ក្លិបបាល់ទាត់និងសាធារណជនដែលពាក់ព័ន្ធទាំងអស់។
សិក្ខាកាមជាបេក្ខជន ត្រូវតែមានអាយុចាប់ពី២៥ដល់៣៥ឆ្នាំ ហើយត្រូវមានពេលគ្រប់គ្រាន់បម្រើការតាមការចាត់តាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មិនតែប៉ុណ្ណោះសិក្ខាកាមក៏ត្រូវចេះភាសាអង់គ្លេស និងចេះប្រើប្រាស់កុំព្យូទ័រតាមរយៈកម្មវិធីមួយចំនួនដូចជា Word,Excel, PowerPoint, email និងInternet ជាដើម។
ដើម្បីបានសិទ្ធិចូលសិក្សាវគ្គនេះបេក្ខជនត្រូវតែបំពេញពាក្យសុំចុះឈ្មោះ ភ្ជាប់ជាមួយនឹងអត្តសញ្ញាប័ណ្ណប្រជាជន (ច្បាប់ចម្លងពណ៌ធម្មជាតិ) ព្រមទាំងភ្ជាប់យកកុំព្យូទ័រយួរដៃ (Laptop) ជាប់ជាមួយផង។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍សូមទាក់ទងទៅកាន់ការិយាល័យនៃអគ្គលេខាធិការដ្ឋាន ស.ប.ក នៅពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទីល្ងាច។ សូមទាក់ទងទៅកាន់លោក យាន ឈៀង តាមលេខទូរស័ព្ទ ០១១/០១៦ ៨២០ ៨៨២ ឬ អ៊ីម៉ែល Chheangyean@the-ffc.com៕
Source: Kampuchea Thmey Daily
0 Comments