ភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ( NEA )បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់និង ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានប្រមាណ ៧៥៩០នាក់តាមរយៈការរៀបចំវេទិកាការងារចំនួន៤២ដង។
ប្អូនស្រី តាន ជូលាង និស្សិតផ្នែក ECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលធ្លាប់បានចូលរួមក្នុងវេទិកាការងាររបស់ NEA បានលើកឡើងថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន។ ជាមួយគ្នានោះ ជូ លាង បានចាត់ទុកវេទិកាការងារ និងសកម្មភាពផ្សេងៗរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែក ក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ វេទិកានេះពិតជាល្អណាស់បង ព្រោះបានជួយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឲ្យឆាប់ទទួលបានការងារធ្វើ។
ចំណែកលោកស្រី សំអុល ចរិយា មន្ត្រីគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់ របស់ក្រុមហ៊ុន RMA បានចាត់ទុកសេវាជួយស្វែងរកការងារធ្វើដល់ ប្រជាពលរដ្ឋខ្មែរ គឺពិតជាល្អណាស់ ដោយបានចូលរួមកាត់បន្ថយអត្រាអត់ការងារធ្វើ របស់ប្រជាពលរដ្ឋខ្មែរ។
លោក ស្រីបានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនក្នុងការសម្របសម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោកស្រី ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារផ្សេងៗ។
ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាទីភ្នាក់ងារជាតិមុខរបរ និងការងារបានសហការជាមួយអង្គការអន្តរជាតិធំៗនិងវិទ្យាស្ថានមួយចំនួនផងដែរ។
ជាក់ស្តែងថ្មីៗនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)បានសហប្រតិបត្តិការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លើការអនុវត្តគម្រោង Dr. Job ដើម្បីផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នូវព័ត៌មានអំពីការងារនិងការបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល តាមរយៈការផលិតជាវីដេអូខ្លីៗ។
គម្រោងនេះនឹងបង្ហាញអំពីចំណុចនានាដែលយុវជន អ្នកស្វែងរកការងារត្រូវការត្រៀមខ្លួនជាចាំបាច់ក្នុងការចាប់យកឱកាសការងារ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងការងារដោយផ្តោតលើ៖ វិធីសាស្ត្រក្នុងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារ, ការអភិវឌ្ឍជំនាញទន់ ឬជំនាញក្នុងការងារ, ឱកាសកម្មសិក្សាការងារ និងព័ត៌មានទីផ្សារការងារ។
ខ្សែវីដេអូខ្លីៗទាំងនេះនឹងត្រូវផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និងប្រព័ន្ធផ្សព្វផ្សាយរបស់ NEA។
កម្មវិធី Dr. Job នេះនឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការផ្តល់សេវាផ្នែកណែនាំអំពីការងារ និងការប្រឹក្សាយោបល់អាជីព បន្ថែមលើយន្តការផ្តល់សេវា ដែលមានស្រាប់ និងកំពុងអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ បន្ថែមលើនេះ ការផលិត និងផ្សព្វផ្សាយកម្មវិធី Dr. Job នេះត្រូវបានធ្វើឡើងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការបំពាក់ និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅកន្លែងការងារ និងក្នុងទីផ្សារការងារកាន់តែទូលំទូលាយ សំដៅស្រូបយកបច្ចេកវិទ្យាទំនើបក្នុងវិស័យនេះស្របតាមការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាអ៊ីនធើណេត។
គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារបាន និងកំពុងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដោយផ្ទាល់ជាមួយអ្នកស្វែងរកការងារទូទៅតាមរយៈមជ្ឈមណ្ឌលការងាររបស់ខ្លួនទាំង១១ដែលស្ថិតនៅ៖ រាជធានីភ្នំពេញ,ខេត្តសៀមរាប, បាត់ដំបង, កំពត,ស្វាយរៀង,កំពង់ចាម, តាកែវ, កំពង់ធំ,ព្រៃវែង, ព្រះសីហនុ, និងបន្ទាយមានជ័យ៕
Source: Kampuchea Thmey Daily
0 Comments