Ad Code

អ្នកជំនាញ​អះអាង​ថា ​ជំងឺ​បេះដូង​ក្លាយជា​ក្តីកង្វល់​មួយ​ដល់​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា



ភ្នំពេញ​ ៖​ អ្នកជំនាញ​ជំងឺ​បេះដូង​បាន​ឲ្យ​ដឹង​ថា ជំងឺ​បេះដូង​ បាន​កំពុង​ក្លាយជា​ក្តី​កង្វល់​មួយ​ដល់​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​វា​បាន​សម្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​១​ឆ្នាំៗ​ទាំង​នៅ​កម្ពុជា​និង​សាកលលោក​។

លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា​វេជ្ជបណ្ឌិត​សុខ​ជួរ​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​និង​ជា​ប្រធាន​ផ្នែក​ជំងឺ​បេះដូង​មន្ទីរពេទ្យ​កាល់ម៉ែត​ធ្លាប់​បាន​ប្រសាសន៍​ថា ​ជំងឺ​បេះដូង​នៅ​ស្រុក​ខ្មែរ​មាន​ច្រើន តែ​យើង​នៅ​មិន​ទាន់​មាន​តួលេខ​ណាមួយ​ជាក់លាក់​នៅឡើយ​ទេ​។

ប៉ុន្តែ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ជំងឺ​បេះដូង​មានការ​កើនឡើង​ខ្លាំង​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពិសេស​ប្រទេស​កំពុងតែ​រីកចម្រើន​លឿន​ដូចជា​ប្រទេស​កម្ពុជា។

លោក​បាន​បន្តថា​ ចំពោះ​រោគសញ្ញា​ជំងឺ​បេះដូង​មាន​ច្រើន​ដូចជា​មាន​ចុក​ដើមទ្រូង​មាន​អាការៈ​ហត់​និង​ញ័រ​ដើមទ្រូង​ដែល​មុខសញ្ញា​បី​នេះ​ កើត​ញឹកញាប់​ជាងគេ​។ ក្រៅ​ពី​នេះ​មាន​អ្នកជំងឺ​ខ្លះ​មាន​អាកា​រៈ​សន្លប់​ក៏​មាន​តែ​មិន​ញឹកញាប់​។

លោក​វេជ្ជបណ្ឌិត​បង្ហាញ​ថា «​ក្នុងចំណោម​ប្រជាជន ១០​ម៉ឺន​នាក់ មាន​ប្រជាពលរដ្ឋ​កម្ពុជា ១២៨​នាក់​ស្លាប់ ដោយសារ​ជំងឺ ស្ទះ​សរសៃ​បេះដូង ហើយ​មាន ១០១​នាក់ រងគ្រោះ​ដោយសារ​ដាច់​សរសៃ​ខួរក្បាល​ដែល​នេះ​ជា​តួលេខ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត »​។

ក្នុងនាម​ជា​គ្រូពេទ្យ បេះដូង លោក​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ ប្រមូល​ផ្តុំ​គ្នា​អ្នកជំនាញ​បេះដូង​ដើម្បី​សិក្សា​ស្វែងយល់​រៀនសូត្រ បន្ត​ពី​គ្នា​ទៅវិញទៅមក ពី​ជំងឺ​បេះដូង​នេះ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ព្យាបាល​ជំងឺ​បេះដូង​នេះ កាន់តែ​ប្រសើរឡើង។

លោ​ក​បន្ថែម​ទៀត​ថា ការ​កើនឡើង នូវ​ជំងឺ​បេះដូង​នេះ ភាគច្រើន​នៅ​ប្រទេស កំពុង​អភិវឌ្ឍន៍ ដូច​ប្រ​ទេស​កម្ពុជា​ជាដើម ជា​ប្រទេស​កំពុងមាន​ការវិវត្តន៍​ពី​ក្រីក្រ មក​ធូរធារ​។ ដូច្នេះ​ការ​ផ្លាស់ប្តូរ ខាង​ជីវភាព​នេះ ប្រជាពលរដ្ឋ​មាន ការ​ហូបចុក​មិនសូវ​គិត ហូបចុក​ច្រើន សាច់​ច្រើន ប្រៃ​ច្រើន​ថែមទាំង មិនសូវ​បញ្ចេញ ពលកម្ម ធ្វើ​ឲ្យ​ខ្លួន​ធាត់​ច្រើន ជាមួយនឹង ការប្រើប្រាស់​ថ្នាំជក់ ការ​ពិសា​ស្រា​ហួស​កម្រិត គួបផ្សំ​នឹង​ការ​កើត​ជំងឺ ទឹកនោមផ្អែម កើនឡើង ជំងឺលើសឈាម​កើនឡើង ដែល​ទាំងអស់នេះ ធ្វើ​ឲ្យ​ជំងឺ​បេះដូង កើនឡើង​។

ដើម្បី​កាត់ បន្ថយ​កត្តា​គ្រោះថ្នាក់​ពី​ជំងឺ ប្រភេទ​នេះ​លោក​សាស្ត្រាចារ្យ បានផ្តល់​ការណែនាំ ដល់​ប្រជាពលរដ្ឋ​ទូទៅ ទាមទារ​ការ​បរិភោគ​សាប កុំ​ឲ្យ​ប្រៃ​ពេក បញ្ឈប់​ការប្រើប្រាស់​ថ្នាំជក់ ការប្រើប្រាស់ ស្រា​ហួស​កម្រិត ហើយ​បើកាលណា​បរិភោគ សាប​យើង​កាត់បន្ថយ បាន​នូវ​គ្រោះថ្នាក់ ដោយសារ ជំងឺ​បេះដូង​។ ជា​មួយ​នេះ​ត្រូវ​បញ្ចុះទម្ងន់ ហាត់ប្រាណ​ឲ្យ បាន​ទៀងទាត់ និង​បរិភោគ​អាហារ ណា​ដែល​មិនសូវ សំបូរ​ជាតិ​ខ្លាញ់​។ មួយវិញទៀត បើសិនជា​ប្រជាពលរដ្ឋ លោក​មាន​បញ្ហា​ជំងឺ បេះដូង​ហើយ ត្រូវតែ​អញ្ជើញ ទៅ​រក​គ្រូពេទ្យ​ជំនាញ ខាង​បេះដូង ដើម្បី​គ្រូពេទ្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​ឲ្យ​បាន​ត្រឹមត្រូវ​។

​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា​ នៅ​លើ​ពិភពលោក​ក្នុង​១​ឆ្នាំ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១៧​លាន​នាក់ ​ដោយសារ​ជំងឺ​បេះដូង​ដែល​ភាគច្រើន​កើតឡើង​នៅ​ប្រទេស​អភិវឌ្ឍន៍​។ ចំណែក​អ្នកជំងឺ​លើសឈាម​នៅលើ​ពិភពលោក​មាន​ចំនួន​១៥០០​លាន​នាក់​ស្មើនឹង​១​ភាគ​៣​នៃ​មនុស្ស​ពេញវ័យ​នៅលើ​ពិភពលោក៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu