ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសផ្សេងៗនិងអង្គការអន្តរជាតិចំនួន៥ ថា អ្វីដែលកម្ពុជាចង់បាននោះគឺនិយាយនូវអ្វីដែលជាការពិតដែលខ្លួនបានឃើញនៅក្នុងអំឡុងពេលបោះឆ្នោតដើម្បីឆ្លុះបញ្ចាំងនូវតថភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួនប្រាំក្រុមផ្សេង២គ្នា ចូលជួបដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ និងបានជួបជាមួយក្រុមសង្កេតការណ៍អន្តរជាតិប្រមាណ២០០ នាក់ផ្សេងទៀតនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
គណៈប្រតិភូដំបូងគេគឺគណៈប្រតិភូសង្កេតការណ៍នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោក ឌីង វេនចាវ (Ding Wenchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន ,លោក លី សាញហ្គោន(Li Zhigong )អគ្គនាយកក្រសួងការបរទេសចិន,លោក លូ កៃយ៉ាង (Liu Kaiyang) អគ្គលេខាធិការរងអង្គការ CNIE និងសមាជិកជាច្រើនរូបទៀត ។ គណៈប្រតិភូឥណ្ឌូនេស៊ី គណបក្សហ្គោលការនិងសមាគមឥស្លាមទាំងអស់នៃឥណ្ឌូនេស៊ី ដឹកនាំដោយលោកបណ្ឌិត Agung Laksono អនុប្រធានអង្គការ CAPDI , លោកសាស្ត្រាចារ្យបណ្ឌិត Jimly Asshiddiquie SH ប្រធានសមាគមមូស្លីឥណ្ឌូនេស៊ី , លោកបណ្ឌិត Makarim Wibisino ប្រធានមហាសន្និបាតអង្គការ CAPDI និងសមាជិកជាច្រើនរូបទៀត។ គណៈប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) ដឹកនាំដោយ លោក Andres Pastrana ប្រធាន CDI និងជាអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡុំប៊ី។ គណៈប្រតិភូអ្នកសង្កេតការណ៍សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី(ICAPP)និងអង្គកាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ(CAPDI) ដឹកនាំដោយលោក Jose de Venecia ប្រធាន ICAPP និង ជាអតីតប្រធានសភាសាធារណរដ្ឋហ្វីលីពីននិងចុងក្រោយគឺគណៈប្រតិភូអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាឌូម៉ារុស្ស៊ីដឹកនាំដោយ លោក Alexey Casilievich។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍និងជម្រាបជូនប្រតិភូទាំងអស់ថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វីសូមនិយាយនោះតែម្តងដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពនៃការបោះឆ្នោតរបស់កម្ពុជានាថ្ងៃ២៩ កក្កដា នេះ។
នាថ្ងៃព្រឹកថ្ងៃដដែលនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ២០០ នាក់ផងដែរ។ ក្នុងនោះមានតំណាងមកពីប្រទេសចិន ឥណ្ឌូនេស៊ី ឥណ្ឌា រុស្ស៊ី និងប្រទេសផ្សេងទៀត រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀតជាច្រើនផងដែរ។
នៅក្នុងឱកាសនោះ សម្តេចបានជម្រាបជូនប្រតិភូអ្នកសង្កេតការណ៍ទាំងអស់អំពីដំណើរការការបោះឆ្នោតនៅកម្ពុជា ដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តងជាទៀងទាត់ ហើយកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាគឺមិនដូចទៅនឹងការបោះឆ្នោតនៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រីរំលាយសភាជ្រើសរើសថ្ងៃបោះឆ្នោតតាមការគ្រោងទុករបស់ខ្លួន។ ជាងនេះទៅទៀត សម្តេចតេជោក៏បានជម្រាបប្រតិភូទាំងមូលពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ ១៩៩៣ ,១៩៩៨, ២០០៣ ,២០០៨ និងឆ្នាំ២០១៣កន្លងមកហើយការបោះឆ្នោតនាឆ្នាំ ២០១៨ នេះ ដំណើរការយុទ្ធនាការបោះឆ្នោតបានប្រព្រឹត្តរយៈពេល ២១ ថ្ងៃ ដំណើរទៅយ៉ាងរលូន និងគ្មានអំពើហិង្សាអ្វីកើតឡើងឡើយ៕
Source: Kampuchea Thmey Daily
0 Comments