ភ្នំពេញ ៖ ការពន្យល់នេះ បានធ្វើឡើងខណៈដែលលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបគណៈប្រតិភូ អ្នកសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់ចំនួន៣២នាក់ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ដើម្បីស្វែងយល់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតនៅកម្ពុជា។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ លោក ស៊ិក ប៊ុនហុក ក្នុងនាមប្រធាន គ.ជ.ប បានលើកឡើងពីការងាររបស់ គ.ជ.ប និងបញ្ហាដែលកម្ពុជា បានរងគ្រោះនូវរបបមួយ ពីអតីតកាល ដ៏ជូរចត់ ខ្ទេចខ្ទាំ ដល់ឫសគល់ ហើយបានដំណើរការរៀបចំការបោះឆ្នោតកាលពីឆ្នាំ២១៩៩៣ ហើយបានរៀបចំការបោះឆ្នោតដោយខ្លួនឯងនៅឆ្នាំ១៩៩៨។ ជាមួយគ្នានោះ លោក ស៊ិក ប៊ុនហុក បានលើកឡើងអំពីគោលការណ៍ ដែលត្រូវរៀបចំដំណើរការបោះឆ្នោតមួយឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
តាមលោក ស៊ិក ប៊ុនហុក ដើម្បីឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាការរៀបចំមួយឲ្យមានការជឿជាក់ពីម្ចាស់ឆ្នោត ដូច្នេះដើម្បីធ្វើការងារនេះបាន លុះត្រាតែយើងបង្ហាញនូវតម្លាភាព ហើយក្នុងនោះ គ.ជ.ប ក៏បានប្រកាសស្វាគមន៍ចំពោះការចូលរួមសង្កេតការណ៍ពីសំណាក់ជាតិ និងអន្តរជាតិផងដែរ រហូតបានស្នើឲ្យអង្គការសហប្រជាជាតិបង្កើតការិយាល័យនៅ គ.ជ.ប ទៀតផង។ ដើម្បីឲ្យដំណើរការបោះឆ្នោតមួយបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោយពីលោកបានឡើងកាន់ជាប្រធាន គ.ជ.ប ថ្មី បានសិក្សាពីវិធីសាស្ត្រគ្រប់បែបយ៉ាងនៅជុំវិញពិភពលោក ដើម្បីឲ្យការបោះឆ្នោតមួយ បានប្រព្រឹត្តទៅដោយជោគជ័យ រលូន ត្រឹមត្រូវ និងយុត្តិធម៌ និងបានយកអ្វីដែលល្អៗមកអនុវត្តនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ហើយអ្វីដែលជាជោគជ័យនោះ គឺកន្លងមកថ្មីៗនេះ មានការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតផ្សេងៗទៀត បានប្រព្រឹត្តទៅដោយរលូន ហើយការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ គ.ជ.ប ក៏បានប្ដេជ្ញាចិត្តធ្វើយ៉ាងណា ឲ្យទទួលបានជោគជ័យបន្តទៀត។
តាមលោក ឌឹម សុវណ្ណារុំ នៅក្នុងជំនួបពិភាក្សានោះ គណៈប្រតិភូអ្នកសង្កេតការណ៍ ក៏បានលើកឡើងពីសំណួរមួយចំនួនផងដែរ ជាពិសេសទាក់ទងទៅនឹងមាត្រាមួយ ដែលចែងអំពីការផាកពិន័យទៅលើជនបរទេស ដែលមានបំណងគាំទ្រ ឬប្រឆាំងទៅនឹងគណបក្សណាមួយ ដែលមាត្រានេះ ពួកគាត់បានលើកជាចម្ងល់ថា ហេតុអីបានជាបង្កើតឲ្យមានមាត្រានេះឡើង។
សំណួរនេះត្រូវបានលោក ស៊ិក ប៊ុនហុក លើកឡើងថា ការរៀបចំមាត្រានេះឡើង ដោយសារតែយើងមានបទពិសោធន៍នាពេលកន្លងមក គឺនៅឆ្នាំ២០១៣ ដែលមានជនបរទេសមួយចំនួនមានបំណងចូលរួមជ្រៀតជ្រែក និងរំខានដំណើរការបោះឆ្នោត។ ដោយសារតែមានបទពិសោធន៍នៅក្នុងឆ្នាំ២០១៣នោះហើយ ទើបត្រូវយកមកអនុវត្តនៅក្នុងឆ្នាំ២០១៨នេះ ហើយជនបរទេស ដែលមានបំណងជ្រៀតជ្រែក និងរំខានដល់ការបោះឆ្នោតនៅកម្ពុជា នៅមិនទាន់អស់នៅឡើយទេ ដូច្នេះចាំបាច់ត្រូវបង្កើតឲ្យមានមាត្រានេះឡើង។
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ក្រោយពីបញ្ចប់ការទទួល កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការនូវចំនួន៣២២នាក់ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន៤២ ក្នុងនោះរួមមាន AIPA-APA-ICAPP-CDI-EUROPEAN COUNCIL TOURISM និង TRADE-EUROPEAN COUNCIL ON INTERNATIONAL RELATIONS ជាដើម។
ជាមួយគ្នានោះ គ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២១៦ នាក់ ទៀតមកពី២៨ ស្ថាប័ន ក្នុងនោះមាន CENTRIST DEMOCRAT INTERNATIONAL-RUSSIA CIVIC CHAMBER ជាដើម។
យោងតាមប្រការ ៣.៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតការណ៍ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់៕
Source: Kampuchea Thmey Daily
0 Comments