Ad Code

ថ្នាំញៀន​ជាង​១១​លាន​គ្រាប់ និង​ម៉ា​ទឹកកក​ជិត ៧០០​គីឡូក្រាម ត្រូវ​តម្រួត​ថៃ​បង្ក្រាប



ប្រទេស​ថៃ ៖ ថ្នាំញៀន​ចំនួន​២​ប្រភេទ ដែល​មាន​រហូតដល់​ជាង ១១ លាន​គ្រាប់ និង​​កម្រ​បាន​ជួបប្រទះ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ភ្លាមៗ រួម​ជា​មួយ​នឹង​មុខសញ្ញា​ចំនួន​៣នាក់ ផង​ដែរ បន្ទាប់ពី​ពួកគេ​បាន​ស៊ី​ឈ្នួល​ដឹក​ឲ្យ​ឈ្មួញ ចេញពី​ខ្សែបន្ទាត់ នៃ​ភាគ​ខាងជើង​របស់​ប្រទេស​ថៃ បំណង​ដឹក​យកមក​ចែកចាយ​នៅក្នុង​ខេត្ត​មួយចំនួន ក្បែៗ​ទីក្រុង​បាងកក។



យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​តម្រួត​ខេត្ត សិង្ហ​បុរី ទទួលបាន​សេចក្តីរាយការណ៍​យ៉ាងច្បាស់​ការ​មួយ របស់​កម្លាំង​ដែល​បាន​អះអាង​ថា មានការ​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​មួយ ចេញពី​ភាគ​ខាងជើង​របស់​ប្រទេស​ថៃ ឆ្ពោះ​ទៅកាន់​ទីក្រុង​បាងកក។



នៅពេល​នោះដែរ គឺ​វេលា​ម៉ោង ២ និង ៤៥ នាទី រសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​តម្រួត នៃ​ស្នងការដ្ឋាន ខេត្ត​សិង្ហ​បុរី បាន​ចេញ​ប្រតិបត្តិការ​ចាំ​ស្ទាក់​រថយន្ត ២ គ្រឿង​ដែល​នុងនោះ​មាន​រថយន្ត​ប្រភេទ កង់ ១០ មួយគ្រឿង និង រថយន្ត​នីសា​ន់ មួយគ្រឿង​ដោយមាន​ការ​ធ្វើដំណើរ​ចេញពី​ភាគ​ខាងជើង​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត ផៈ​យ៉ៅ ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក។

មិនយូរប៉ុន្មាន​មុខសញ្ញា​បាន​បង្ហាញ​ខ្លួន​នៅលើ​កំណាត់​ផ្លូវ ​ដែល​សមត្ថកិច្ច​កំពុង​ឈរជើង​ទើប​កម្លាំង​បានផ្តល់​សញ្ញា​ឲ្យ​រថយន្ត​ទាំង​២ បញ្ឈប់​យាន​ដើម្បី​ត្រួតពិនិត្យ ជំហាន​ទី​១ គឺ​ពិនិត្យ​ទៅលើ​រថយន្ត​នីសា​ន់ ដែល​បើក​នាំមុខ និង​បើកបរ​ដោយ​ឈ្មោះ ឆាន់ សាវ៉ាត​ឌី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ខេត្ត រៈ​យ៉ង គឺ​មិន​មាន​វត្ថុតាង​ណាមួយ​ដែល​គួរ​ឲ្យ​សង្ស័យ និង​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ឡើយ។

នៅពេល​នោះដែរ កម្លាំង​បានធ្វើការ​ត្រួតពិនិត្យ​បន្ត​ទៅលើ​រថយន្ត​កង់​១០ ដែល​មាន​ដឹក​គ្រាប់ពោត​ពេញ និង​បើកបរ​ដោយ​ឈ្មោះ ចា​រ៉ា​ន់ កា​ណុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ និង​ភរិយា​ឈ្មោះ សិរី​ខាំ ប៉ិន​ដា អាយុ​៣៨​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ខេត្ត ណាន ដោយ​សមត្ថកិច្ច​បាន​បញ្ជា​ឲ្យ​បំបះ​រថយន្ត​ដើម្បី​ចាក់​គ្រាប់ពោត​ចេញពី​រថយន្ត ក៏បាន​ប្រទះ​ឃើញ​មាន​កា​រុង​ធ្លាក់​ចេញ​មក​ជាច្រើន​កា​រុង ដែល​គេ​បានដាក់​បង្កប់​នៅក្រោម​គ្រាប់ពោត។

​ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​គឺ​គេ​ស​ង្កេត​ឃើញថា នៅក្នុង​ការុង​ទាំងនោះ មាន​ថ្នាំញៀន​​ចំនួន​២​ប្រភេទ ដោយ​ប្រភេទ​យ៉ាម៉ា​ចំនួន ៥៩ កា​រុង មាន​គ្រាប់​ថ្នាំញៀន​សរុប ចំនួន​១១.៨០០.០០០ គ្រាប់ ( ដប់​មួយ​លាន និង ប្រាំបី​សែន​គ្រាប់ ) ព្រមទាំង​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន ២៧ កា​រុង ដែល​សរុប​នៃ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក មាន​ទម្ងន់ ៦៧៥គីឡូក្រាម។

ជុំវិញ​បញ្ហា​ករណី​ខាងលើនេះ ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាព​ថា មាន​ឈ្មួញ​ជា​ជនជាតិ​បរទេស ដែល​នៅ​ជាប់ៗ​នឹង​ខ្សែបន្ទាត់​ព្រំដែន​ថៃ បាន​ជួល​ពួកគេ​អោយ​ដឹក​ចេញពី​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ យក​ទៅ​ចែកចាយ​អោយ​ម៉ូយ​នៅក្នុង​ខេត្ត​មួយចំនួន​ដែល​នៅជាប់​និង​ទីក្រុង​បាងកក ដោយ​គេ​បានអោយ​កម្រៃ​ក្នុង​មួយ​ជើង សម្រាប់​អ្នក​បើកបរ​រថយន្ត​ធំ​គឺ ៧ សែន​បាត និង​អ្នកបើករថយន្ត​តូច បាន ៦​សែន​បាត ហើយ​កន្លងមក​គឺ​ពួកគេ​ធ្លាប់បាន​ដឹក​ជាច្រើន​ជើង​មក​ហើយ។

​បច្ចុប្បន្ន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​តម្រួត ខេត្ត​សិង្ហ​បុរី បាន​និង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ពួកគេ រួម​ជាមួយនិង​វត្ថុតាង ទៅកាន់​តុលាការ ក្នុង​ការដាក់​វិធានការ​តាមផ្លូវ​ច្បាប់៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu