Ad Code

តៃវ៉ាន់​ទទួល​បរាជ័យ​ថ្មី​នៅពេល​ចិន​និង​អែល​សាល់​វ៉ា​ឌ័​រ​បង្កើត​ចំណងទាក់ទង​ជាមួយគ្នា​



ប្រទេស​ចិន​និង​អែល​សាល់​វ៉ា​ឌ័​រ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃ​អង្គារ​ស្រប​ពេលដែល​ប្រជាជាតិ​អាមេរិក​កណ្តាល​មួយ​នេះ​បាន​បោះបង់ចោល​កោះ​តៃវ៉ាន់។ នេះ​ជា​ជ័យជំនះ​មួយទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​កោះ​មួយ​នេះ​ឯកោ​។​

ទីក្រុង​ប៉េកាំង​បាន​ប្រើប្រាស់​អំណាច​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ការគាំទ្រ​ជា​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​លើ​កោះ​ដែល​គ្រប់គ្រង​ដោយ​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​នៅសល់​សម្ព័ន្ធមិត្ត​ការទូត​ត្រឹមតែ​១៧​ប៉ុណ្ណោះ​នៅ​ជុំវិញ​ពិភពលោក​។​

ថ្លែង​ក្នុង​ទីក្រុង​ប៉េកាំង​នៅឯ​សណ្ឋាគារ Diaoyutai Guest House, រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​សរសើរ​ការសម្រេច​ចិត្ត​របស់​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​ក្នុងការ​ទទួលស្គាល់ថា មាន​ប្រទេស​ចិន​តែមួយគត់​នៅក្នុង​ពិភពលោក​។​

បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ជាមួយ​លោក Wang ស្តីពី​ការបង្កើត​ទំនាក់ទំនង​, រដ្ឋមន្ត្រីការបរទេស​អែល​សាល់​វ៉ា​ឌ័​រលោក Carlos Castaneda បាន​និយាយថា ប្រទេស​របស់លោក​បាន​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​និង​បានជ្រើសរើស​យក​ផ្លូវ​ត្រឹមត្រូវ​និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

ប្រធានាធិបតី​អែល​សាល់​វ៉ា​ឌ័​រលោក Salvador Sanchez Ceren បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ទៅកាន់​ជនរួមជាតិ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ថា “​ខ្ញុំ​សូម​ប្រកាសថា រដ្ឋាភិបាល​របស់ខ្ញុំ​បានសម្រេច​ចិត្ត​បំបែក​ទំនាក់ទំនង​ការទូត​រហូតមកដល់​សព្វថ្ងៃ​រវាង​សាធារណរដ្ឋ​អែល​សាល់​វ៉ា​ឌ័​រ​និង​កោះ​តៃវ៉ាន់​ហើយ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”​។​

សេចក្តីប្រកាស​នៅក្នុង​ទីក្រុង​ប៉េកាំង​បានធ្វើ​ឡើង​ក្រោយ​ការសម្រេចចិត្ត​របស់​តៃវ៉ាន់​ក្នុងការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អែល​សាល់​វ៉ា​ឌ័​រ​បន្ទាប់ពី​ខ្លួន​បានដឹងថា ប្រទេស​នេះ​កំពុង​រៀបចំ​ផែនការ​ដើម្បី​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

ទំនាក់ទំនង​រវាង​ក្រុង​តៃប៉ិ​និង​ក្រុង​ប៉េកាំង​កាន់តែ​អាក្រក់​ឡើង​ចាប់តាំងពី​លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​ឡើងកាន់​អំណាច​ស្របពេល​រដ្ឋាភិបាល​រប​ស់លោក​ស្រី​បដិសេធ​ទទួលស្គាល់ថា​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍ “​ចិន​តែមួយ​”​។​

ប្រទេស​ចិន​បាន​បង្កើន​ការទាក់ទាញ​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​ចាប់តាំងពី​លោកស្រី Tsai ក្លាយជា​មេដឹកនាំ​នៅក្នុង​ឆ្នាំ​២០១៦​។​

ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​គឺជា​ការបាត់បង់​ផ្នែក​ការទូត​ទី​៥​ក្រោម​ការ​កាន់តំណែងរ​បស់​លោកស្រី​និង​ជា​ប្រទេស​ទី​បី​នៅ​ឆ្នាំនេះ​បន្ទាប់ពី​ប្រទេស​ប៊ឺ​គី​ណា​ហ្វា​សូ​និង​សាធារណរដ្ឋ​ដូ​មី​និក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu