Ad Code

ប្រកួត​លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៧​ចំនួន​៦​គូ​ចុង​សប្ដាហ៍​នេះ​ មាន​ផ្សាយ​ផ្ទាល់​តាម​កម្ពុ​ជាថ្មី​,CNCC​និង​BTV



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​១៧ របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ដែលមាន​៦​គូ​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ក្រោម​ការ​ចាប់ដៃគ្នា​រវាង​ទូរទស្សន៍ BTV New, គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ (CNCC) និង​សារព័ត៌មាន​កម្ពុជា​។

​ចំពោះ​កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៧ មាននៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អង្គរថា​យ​ហ្គឺ​រ ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ព្រមទាំង​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ទទួល​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា ម៉ោង​៦​ល្ងាច​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី​។



​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​ក្រសួងការពារជាតិ វេលា​ម៉ោង​៣និង៣០​នាទី​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​ ហើយ​ក្រុម​បឹងកេត ប៉ះ​ក្រុម​វិសាខា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ដែរ​និង​ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC។

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឃើញថា​ ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​វិសាខា ឈរ​លេខ​៤​មាន​៣៨​ពិន្ទុ ដូច​គ្នា តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៤​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៤​ពិន្ទុ ក្រុម​លេខ​៦ ភ្នំពេញ​ក្រោ​ន មាន​២៤​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២១​ពិន្ទុ​។ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប​មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​អង្គ​រថា​យ​ហ្គឺ​រ មាន​១៦​ពិន្ទុ ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៥​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championshipជាដើម៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu