Ad Code

រដ្ឋមន្ត្រីការបរទេស Rwanda ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ចំពោះ​បេក្ខភាព​ជា​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង



ភ្នំពេញ ​៖ ការស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ចំពោះ​បេក្ខភាព​ជា​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) រដ្ឋមន្ត្រីការបរទេស កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា (Rwanda) អមដោយ​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ (Mamadi Touré) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្គី​ណេ ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​។



លោក កេ​ត សោ​ផាន់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ជំនួស​លោក ជុំ សុន្ទរី ដែល​ត្រូវ​រាជរដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោកស្រី ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា ចំពោះ​បេក្ខភាព​លោកស្រី ជា​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ហើយ​លោកស្រី​បាន​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថា លោកស្រី​មក​កម្ពុជា​នេះ មិន​ត្រឹមតែ​ជា​បេក្ខភាព Rwanda ទេ តែ​ជា​បេក្ខភាព​របស់​សហភាព​អាហ្វ្រិក​តែម្តង ដោយសារ​សហភាព​អាហ្វ្រិក​បាន​គាំទ្រ​លោកស្រី ជា​បេក្ខភាព​តំណែង​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង។



ជាមួយគ្នា​នោះ លោកជំទាវ Louise Mushikiwabo បាន​លើក​ឡើង​ដែរ​ថា ប្រសិនបើ​លោកស្រី​ជាប់​ជា​អគ្គលេខាធិការ​ថ្មី នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង គឺ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ជាពិសេស​គឺ​ផ្តោត​ទៅ​លើ​យុវជន និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ទិដ្ឋភាព​នយោបាយ ក៏ដូចជា​ទិដ្ឋភាព​សេដ្ឋកិច្ច ហើយ​លោកស្រី​បាន​សង្កត់ធ្ងន់​ថា បើសិនជា​លោកស្រី​ជាប់ឆ្នោត គឺ​តួនាទី​របស់​អង្គការ​អន្តរជាតិ​នេះ ក៏​នឹង​ត្រូវ​ឲ្យ​មាន​តុល្យភាព​ផង​ដែរ អំពី​ការអនុវត្ត​នូវ​នយោបាយ​របស់​ប្រទេស​ជា​សមាជិក ដូចជា សិទ្ធិមនុស្ស សេរីភាព ដោយ​លោកស្រី​យល់ថា នេះ​ជាការ​អនុវត្ត​ដោយ​អធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​។



ជា​ការ​ឆ្លើយតប​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​អំណរគុណ​ចំពោះ​វត្តមាន​របស់​លោក​ជំទាវ Louise Mushikiwabo ដែល​អម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ហ្គី​ណេ មក​កម្ពុជា​នា​ពេល​នេះ ហើយ​លោក​បាន​ទទួល​ស្គាល់​ពី​លក្ខណៈ​សម្បត្តិ​របស់​លោក​ស្រី ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សហភាព​អាហ្វ្រិក ក្នុងនាម​ជា​បេក្ខភាព​អគ្គលេខាធិការ​ថ្មី​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ហើយ​ក្រសួងការបរទេស​បាន​ដាក់​សំណើសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ហើយ​ការសម្រេច​គាំទ្រ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា នឹង​ដឹង​នៅពេល​នៃ​ការបោះឆ្នោត​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅក្នុង​ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​ប្រទេស​អា​ម៉េ​នី​។



សូម​បញ្ជាក់​ថា លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ រដ្ឋមន្ត្រីការបរទេស កិច្ច​សហប្រតិបត្តិការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្គី​ណេ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នេះ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ហើយ​ពិភាក្សា​នោះ ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ការស្វែងរក​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ ជា​អគ្គលេខាធិការ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​ទី​១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅ​ប្រទេស​អា​ម៉េ​នី។



លោកស្រី ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​និយាយ​ភាសា​បារាំង នៅ​ឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​សម្រាប់​បេក្ខភាព​ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu