ភ្នំពេញ ​៖ ​លោក​សាស្ត្រាចារ្យ ប្រ៊ុ​យ​ណូ ស្ពៀ​រ​រ៉េ​(Bruno SPIRE) អ្នកសម្របសម្រួល​បារាំង សម្រាប់​គម្រោង​ភ្នាក់ងារ​សិក្សា​ស្រាវជ្រាវ​ផ្នែក​ជំងឺអេដស៍ ​និង​ជំងឺ​រលាក​ថ្លើម ហៅ​កាត់​( ANRS)​បាន​ឲ្យ​ដឹង​ថា​បារាំង ​នឹង​បង្កើន​កិ​ច្ចសហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​កម្ពុជា​ជា​បន្តទៀត​ទៅលើ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​ការសិក្សា​ស្រាវជ្រាវ​ករ ណី ជំងឺថ្លើម​ប្រភេទ​បេ​និង​សេ​ព្រោះ​ជំងឺថ្លើម​ប្រភេទ​បេ​ងាយ​អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​បាន​យ៉ាង​ឆាប់រហ័ស​។​

លោក​សាស្ត្រាចារ្យ​ប្រ៊ុ​យ​ណូ ស្ពៀ​រ​រ៉េ​បាន​លើក​ឡើង​បែបនេះ​ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ទីស្ដីការក្រសួង។

លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ​ទន្ទឹម​នឹង​នេះ​កម្ពុជា​-​បារាំង បាន​ប្ដេជ្ញា​រួមគ្នា ក្នុង​ការ​សហការ​ស្រាវជ្រាវ លើ​គម្រោង​ចំនួន​៦​បន្ថែម​ទៀត លើ​គម្រោង​កន្លងមក​ក្នុង​នោះ​រួមមាន ១៖ យុទ្ធសាស្ត្រ​ការធ្វើ​តេស្ដ​ដោយ​ការ​ព្យាបាល ការ​ធ្វើ​តេស្ត​ឆាប់រហ័ស និង​ផ្តល់​ការ​ព្យាបាល​ឱសថ​ឈ្មោះ តេ​ណូ​ហ្វូ​នៀល ដើម្បី​ការពារ​ការ​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ​ពី​ស្រី្ត​មាន​ផ្ទៃពោះ​ចម្លង​ទៅ​ទារក​។​២៖ MIRNA ជាការ​ប៉ាន់ប្រមាណ និង​គម្រោង​ការសិក្សា​ស្រាវជ្រាវ​ចម្លងរោគ ដែលមាន​អ្នក​ផ្ទុកមេរោគ​របេង និង​ជំងឺអេដស៍ ​៣៖ សិក្សា​លម្អិត អំពី​អត្រា​ប្រេ​វ៉ាឡង់ និង​រកនូវ​ពូជ​នៃ​មេរោគ ដែល​ធ្វើ​ឲ្យ​រលាក​ថ្លើម និង​ការអនុវត្តន៍ ក្នុង​ការ​ចាក់​ថ្នាំ មិន​មាន​សុវត្ថិភាព សម្រាប់​អ្នក​ ដែល​មាន​ជំងឺអេដស៍ និង​អ្នកជំងឺ​រលាក​ថ្លើម នៅក្នុង​ខេត្តបាត់ដំបង។ ៤៖ ការសិក្សា​អំពី​វដ្ដ​នៃ​ការប្រើប្រាស់​ឱសថ ព្យាបាល​ដោយ​ឱសថ​ពន្យារ​អាយុជីវិត សម្រាប់​ជំងឺអេដស៍ ដើម្បី​ស្វែងរក​ការរៀបចំ​នូវរបប​ក​ញ្ច​ប់ នៃ​ការព្យាបាល ដែល​ហៅថា ឱសថ​ក្នុង​ជួរ​ទី​៣​។​៥៖ ការវាយតម្លៃ​ទៅលើ​ជំងឺ​រលាក​ថ្លើម ដោយ​ផ្អែកទៅលើ​ការ​ឆែក​សុខភាព​អ្នកជំងឺ សម្រាប់​ការពារ​នូវ​ជំងឺមហារីក​មាត់ស្បូន ក្នុងចំណោម​ស្រី្ត ដែលមាន​វីរុស​អេដស៍​នៅក្នុង​ប្រទេស ដែលមាន​ប្រាក់ចំណូល​ទាប​និង​៦៖ សិក្សា​អំពី​សហគមន៍ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​សេវា​កំពុងផ្តល់​ក្នុង​សហគមន៍ និង​សេវា​ដែល​កំពុង​ធ្វើ​នៅក្នុង​មូលដ្ឋាន​សេវា​សុខាភិបាល​សាធារណៈ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ករណី ដែលមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ នៅ​កម្ពុជា​។​

លោក​សាស្ដ្រាចារ្យ បាន​បន្ដទៀតថា គម្រោង​នេះ​ទៀតសោត បាន​អនុវត្តន៍​សម្រេច ៣៨​គម្រោង​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​សព្វថ្ងៃ​នេះ ដោយ​បារាំង បាន​ជួយ​គាំទ្រ​ទៅដល់​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស នៅក្នុង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ពិសេស​សម្រាប់​ភ្នាក់ងារ​ជាតិ​លើ​ជំងឺអេដស៍ និង​ជំងឺថ្លើម​ប្រភេទ​បេ ដែល​តំណាង​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែល​បាន​រៀបចំ​ជា​គម្រោង ក្នុង​រយៈពេល​កន្លងមក​នេះ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ទៅលើ​ករណី​ជំងឺអេដស៍​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ថា ​ក្រោម​កិច្ចសហការ​ជាមួយ​បារាំង​កន្លង​មក​នេះ ក្រសួងសុខាភិបាល ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន ក្នុង​ការ​ប្រើប្រាស់​លទ្ធផល ក្នុង​ការ​អភិវឌ្ឍ​នូវ​គោលនយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ និង​អន្តរាគមន៍​ផ្សេងៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ ពិសេស​មជ្ឈមណ្ឌល​ជាតិ​អេដស៍ សើរ​ស្បែក និង​កាមរោគ​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily