Ad Code

ក្រសួង​អប់រំ​កំណត់ពេល​មួយ​សប្ដាហ៍​ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​តវ៉ា​របស់​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨



ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា​ ក្រសួង​បានកំណត់​ពេល​មួយ​សប្តាហ៍ ដើម្បីឱ្យ​គណៈកម្មការ​កោសល្យវិច័យ​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ពាក្យបណ្តឹង​តវ៉ា​របស់​សិ​ស្ស​ដែល​មិន​ពេញចិត្ត​ទៅ នឹង​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៨​។​

ការ​ទុកពេល​រយៈពេល​មួយ​សប្តាហ៍​នេះ ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​កោសល្យវិច័យ​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​កន្លងទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុ​វជន ​និង​កីឡា ​និង​ជា​ប្រធាន​គណៈកម្មការ​នេះ​ដើម្បី​ពិនិត្យ​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​សិស្ស​ដែល​មិន​ពេញចិត្ត​ទៅនឹង​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨​។​

ការបង្កើត​គណៈកម្មកា​រ​កោសល្យវិច័យ​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ ប្រកបដោយ​វិជ្ជាជីវៈ​មាន​ជំនឿ​ជឿជាក់ថា ការប្រឡង​ដំណើរការ ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​។​

លោក ឌី​ខាំ បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨​ឲ្យ​ដឹងថា ​ក្រសួង​បាន​ទុក​រយៈពេល​មួយ​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២ ០១៨​ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​តវ៉ា​របស់​សិ​ស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​ឲ្យ​បាន​រួចរាល់។​

លោក​បាន​បន្តទៀតថា​ ក្នុងករណី​មិនអាច​ដោះស្រាយបាន​ទាន់ពេល​តាម​ការកំណត់​ទេនោះ​គណៈកម្មការ​នឹង​សម្រេច​នៅពេល​ក្រោយ​ទៀត​ តែ​យ៉ាងណាក៏ដោយ​គណៈកម្មការ​នឹង​ខិតខំ​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ដោ យ​មិនមាន​ថ្ងៃ​ឈប់សម្រាក​ឡើយ​ដើម្បី​សម្រេច​ឲ្យ​បាន​ទាន់ពេល​កំណត់​។​

លោក ឌី​ខាំ បូ​លី​បាន​មានប្រសាសន៍​បន្ថែមថា ​ចាប់តាំងពី​ថ្ងៃទី​១០​រហូតមកដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា ​ឆ្នាំ​២០១៨​ ក្រសួង​បាន​ទទួល​ពាក្យបណ្តឹង​តវ៉ា​ពី​សិស្ស​នៅ​ទូទាំងប្រទេស​ចំនួន​៥០០​បណ្តឹង​ក្នុងនោះ​បណ្តឹង​ទាក់ទង​នឹង​មុខវិជ្ជា​គណិតវិទ្យា​មាន​ច្រើន​ជាងគេ​បន្ទាប់មក​មាន​បណ្តឹង​មុខវិជ្ជា​គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ​និង​មុខវិជ្ជា​ជីវវិទ្យា​។​

លោក​បាន​បញ្ជាក់ថា​ ការប្តឹងតវ៉ា​របស់​សិស្ស​ចំពោះ​លទ្ធផល​ប្រឡង​នេះ​មិនមែនជា​លើ ក​ទី​១​នោះទេ​គឺមាន​យូរ​ហើយ​គ្រាន់តែ​នៅ​ឆ្នាំនេះ​មានកា​បណ្តឹងតវ៉ា​ច្រើនជាង​ឆ្នាំមុនៗ​ប៉ុណ្ណោះ​។​

យុវ​សិស្ស ឆាយ លី​អាន បេក្ខជន​មកពី​ខេត្តកំពត​ធ្លាប់​ទទួលបាន​មេដាយមាស ទូទាំងប្រទេស​ឆ្នាំ​២០១៨​និង​ទទួលបាន​និទ្ទេស D​លើ​ពិន្ទុ​រួម និទ្ទេស A បី​មុខវិជ្ជា​និង B បី​មុខវិជ្ជា​បាន​អះអាងថា​ខ្លួន​ជា​សិស្ស​ពូកែ​ធ្លាប់​ជាប់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធិ​លើ​វិញ្ញាសារ​គណិតវិទ្យា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ប៉ុន្តែ​បែរជា​ធ្លាក់​គណិតវិទ្យា​ទៅវិញ​។

យុវ​សិស្ស ឆាយ លី​អាន បាន​សំណូមពរ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​បានដាក់​ពាក្យ​សិក្សា​បន្ត​នៅតាម​មហាវិទ្យាល័យ​នានា​។​

គួរ​បញ្ជាក់ថា​តាម​លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​ជាប់ សរុប​ចំនួន​៧៥ ០៥៩ នាក់ ស្មើនឹង ៦៦. ២១​ភាគរយ ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង​១១​ម៉ឺន​ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​ចំនួន​២៩០​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu