Ad Code

លោកស្រី ស៊ូ​ជី និយាយ​ការពារ​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុងការ​ដាក់គុក​អ្នកយកព័ត៌មាន រ៉​យ​ទ័រ



កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី អ៊ួ​ង​សាន ស៊ូ​ជី របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​និយាយ​ការពារ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីររូប​ដែល​បាន​រាយការណ៍​អំពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅពេលដែល​លោកស្រី​បាន​វាយបក​ទៅលើ​ការរិះគន់​ជា​សកល​អំពី​ការកាត់ទោស​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ជាការ​ប៉ុនប៉ង​បំបាត់​សេរីភាព​សារព័ត៌មាន​។​

មេដឹកនាំ​របស់​ប្រទេស​នេះ​បាន​ទទួលស្គាល់ថា ការបង្ក្រាប​ដ៏​ឃោរឃៅ​ទៅលើ​ជនជាតិភាគតិច​មូស្លីម​អាច​ត្រូវបាន​ដោះស្រាយបាន​ល្អប្រសើរ​ប៉ុន្តែ​ទទូចថា អ្នកយកព័ត៌មាន​ពីរ​នាក់​នេះ​ត្រូវបាន​គេ​ប្រព្រឹត្ត​ដាក់​យ៉ាង​សមរម្យ​បំផុត​។​

លោកស្រី​បាន​និយាយថា “​ពួកគេ​មិនបាន​ជាប់គុក​ដោយសារ​ពួកគេ​ជា​អ្នកសារព័ត៌មាន​ទេ​ប៉ុន្តែ​ដោយសារតែ​តុលាការ​បានសម្រេច​ថា ពួកគេ​បាន​រំលោភច្បាប់​សម្ងាត់​ផ្លូវការ​”​។​

លោក Wa Lone អាយុ​៣២​ឆ្នាំ​និង​លោក Kyaw Soe Oo អាយុ​២៨​ឆ្នាំ​ត្រូវបាន​ដាក់គុក​ម្នាក់ៗ​៧​ឆ្នាំ​កាលពី​សប្ដាហ៍​មុន​ពីបទ​រំលោភ​លើ​ច្បាប់​សម្ងាត់​របស់​ប្រទេស​ខណៈពេលដែល​បាន​រាយការណ៍​អំពី​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុង​ការបង្ក្រាប​របស់​យោធា​នៅ​រដ្ឋ រ៉ា​ក់​ឃី​ន ។​

លោកស្រី ស៊ូ​ជី ដែល​ធ្លាប់ជា​ជើងឯក​ការពារ​សិទ្ធិមនុស្ស​សកលលោក​បាន​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​ប្រើ​កម្លាំង​សីលធម៌​របស់ខ្លួន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ការពារ​អ្នក​ទាំងពីរ​។​

លោកស្រី​បាន​ថ្លែង​ក្នុងអំឡុង​កិច្ចពិភាក្សា​មួយ​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថា “​សំណុំ​រឿងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ​នៅ​តុលាការ​។ ខ្ញុំ​គិតថា មិនមាន​នរណាម្នាក់​ត្រូវបាន​រំខាន​ក្នុង​ការអាន​សេចក្ដី​សង្ខេប​របស់​ចៅក្រម​ទេ​”​។​

គួរបញ្ជាក់​ជាថ្មី​ថា ប្រតិ​ប​ត្ដិ​ការ​បោសសម្អាត​ដែល​ដឹកនាំ​ដោយ​កងទ័ព​បានចាប់ផ្តើម​កាលពី​ខែសីហា​ឆ្នាំ​២០១២​ហើយ​បាន​ជំរុញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៧០០,០០០​នាក់​ឲ្យ​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ហើយ​ពួកគេ​បាន​រៀបរាប់​ព័ត៌មាន​ជាច្រើន​អំពី​អំពើ​ឃោរឃៅ ការរំលោភ ការសម្លាប់​និង​ការដុត​បំផ្លាញ​ដោយ​ប៉ូលិស​និង​ទាហាន​មី​យ៉ាន់​ម៉ា​។​

ការបង្ក្រាប​នោះបាន​រុញច្រាន​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​ការរិះគន់​ដ៏​ក្ដៅគគុក​។​
​គណៈកម្មាធិការ​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​អគ្គមេបញ្ជាការ​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing និង​ឧត្ដមសេនីយ៍ឯក​ជាច្រើន​ទៀត​ត្រូវ​កាត់ទោស​ពីបទ​ប្រល័យពូជសាសន៍​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu