Ad Code

ឃាត់​ខ្លួន​បក្ខពួក​ក្រុម​ចោរ​ប្រដាប់​អាវុធ​ម្នាក់ ​ប្លន់​យក​ម៉ូតូ​គេ​បាន​សម្រេច​ចំនួន​៣​ដង​នៅក្នុង​រាជធានី​ភ្នំពេញ



ភ្នំពេញ​ ៖​ បក្ខពួក​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​តាម​ចាប់ខ្លួន ​និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​តាម​ដីកា​បង្គាប់​របស់​តុលាការ​នៅ​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ​បន្ទាប់ពី​គេ​បាន​ធ្វើ​សកម្មភាព​ប្លន់​ចុងក្រោយ​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក។

ប៉ូលិស​បានអោយដឹងថា ​៖​ ជនសង្ស័យ​ជា​ចោរប្លន់​ដែល​បាន​ចាប់ខ្លួន​ខាងលើ​មាន​ឈ្មោះ កែវ សារិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ មាន​ទីលំនៅ​ម្តុំ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តែ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ ដែល​ជា​កន្លែង​ចាប់ខ្លួន​គាត់​ចុងក្រោយ​។​

ប៉ូលិស​បាន​បញ្ជាក់ថា ​៖ តាម​ការផ្ទៀងផ្ទាត់​ភិនភាគ​ជនសង្ស័យ​ដោយ​ទិន្នន័យ​របស់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែងកើតហេតុ​ចុងក្រោយ និង​នៅ​កន្លែង​កើត​ហេតុ​ផ្សេងៗ​ទៀត រួមទាំង​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​បានអោយដឹងថា ជនសង្ស័យ​រូបនេះ​រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​របស់គេ​បាន​សម្រេច​ចំនួន​៣​ដង​ឯណោះ​។​

តាម​ចម្លើយសារភាព​របស់គេ​ដែល​បាន​ប្លន់​ទាំង​៣​ដងនោះ​គឺ​លើ​ទី​១ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេ​លា​នៅជាប់​ផ្លូវ​លេខ​២០១១ភូមិ​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ លើក​ទី​២ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅក្រោម​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា ចិន (​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​)​។​ លើក​ទី​៣ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ព្រះសីហនុ សង្កាត់​ផ្សារ​ដេប៉ូ​ ខណ្ឌទួលគោក​។​

លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ សាលាដំបូង បានចេញ​ដីកា​បង្គាប់​អោយ​ឃុំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ សារិន នេះ​ចោទ​ពី​បទ​កំហែង​យក មាន​ស្ថាន​ទម្ងន់​ទោស តាម​ដីកា​លេខ ៤៩២០ ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ យោងតាម​បទ​ល្មើស​ដែលមាន​បញ្ញត្តិ​អោយ​ផ្តន្ទាទោស តាម​មាត្រ​៣៦៣ និង​មាត្រា​៣៦៦ នៃ​ក្រមព្រហ្មទណ្ឌ​។​

ប៉ូលិស​មិនបាន​បញ្ជាក់ថា ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​បាន​យកទៅលក់​នៅឯណា​ទេ ហើយក៏​មិនបាន​ប្រាប់​ពី​ភិនភាគ​ម៉ូតូ និង​អាវុធ​ដែល​ជនសង្ស័យ​ប្រើប្រាស់​នៅ​ក្នុង​អំពើ​ប្លន់​នោះដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu