Ad Code

ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​បំផុត​ក្នុងឆ្នាំនេះ ​ជិត​ទៅដល់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ហើយ



ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​នៃ​រដូវ​នេះ​កំពុង​ខិត​កាន់តែ​ជិត​ទៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ដែល​នៅ​ទីនោះ ក្រុមមន្ត្រី​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ដោយ​ប្រុងប្រយ័ត្ន​ ហើយ​បិទ​សាលារៀន​និង​ការិយាល័យ​នានា​។​

ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង Mangkhut ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ព្យុះ​ខ្លាំង​បំផុត​នៅ​ឆ្នាំនេះ​គឺអាច​វាយប្រហារ​ខេត្ត Cagayan ភាគ​ខាងជើង​នៅ​ថ្ងៃ​សៅរ៍​។​

វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយនឹង​ខ្យល់​បក់​យ៉ាងខ្លាំង​ក្នុង​ល្បឿន​រហូតដល់​២៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វា​អាច​រក្សា​កម្លាំង​ជា​កំពូល​ព្យុះ​ទី​ហ្វុ​ង​នៅពេល​វា​ប៉ះ​ដីគោក​នៅ​ជ្រុង​ភាគ​ឦសាន​នៃ​កោះ Luzon​។​

ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បូករួម​ជាមួយ​ភ្លៀង​រដូវ​មូសុង​នោះ ខ្យល់ព្យុះ​នេះ​អាច​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដ៏​ខ្លាំងក្លា​ដែល​អាច​បណ្តាល​ឲ្យ​មានការ​បាក់​ដី​និង​ទឹកជំនន់​ភ្លាមៗ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក Meno Mendoza ដែលជា​អ្នក​ព្យាករណ៍​របស់​រដ្ឋ​។​

អភិបាលខេត្ត Cagayan លោក Manuel Mamba បាន​និយាយថា ភូមិ​ឆ្នេរសមុទ្រ​និង​ភូមិ​កោះ​នៅ​ភាគ​ខាងជើង​ដែល​ស្ថិត​ចំ​ផ្លូវ​នៃ​ព្យុះ​ទី​ហ្វុ​ង​នេះ​នឹង​ចាប់ផ្តើម​ធ្វើការ​ជម្លៀស​ប្រជាជន​នៅ​ថ្ងៃ​ព្រហស្បតិ៍​មុន​ការវាយប្រហារ​ដែល​គេ​រំពឹងទុក​។ លោក​បាន​និយាយថា ថ្នាក់រៀន​នឹងត្រូវ​ផ្អាក​ហើយ​ការិយាល័យ​ទាំងអស់​លើកលែងតែ​ការិយាល័យ​ដែល​ចូលរួម​ក្នុង​ការងារ​ជួយសង្គ្រោះ​និង​ជំនួយ​ប៉ុណ្ណោះ​គឺ​ត្រូវបាន​ណែនាំ​ឲ្យ​បិទ​នៅ​ថ្ងៃ​សុក្រ​។​

កាលពី​ឆ្នាំ​២០១៦ កំពូល​ព្យុះ​ទី​ហ្វុ​ង​មួយ​បាន​វាយប្រហារ​ភាគខាងត្បូង​ខេត្ត Cagayan ដោយ​បំផ្លាញ​ផ្ទះ​អស់​រាប់ម៉ឺន​ខ្នង​។ លោក Mamba បាន​និយាយថា ព្យុះ Mangkhut កំពុងធ្វើដំណើរ​ចេញពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​ទីប្រជុំជន​ឆ្នេរសមុទ្រ​និង​កោះ​ភាគ​ខាងជើង​។​

អ្នក​ព្យាករណ៍​បាន​និយាយថា បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ហ្វីលីពីន ព្យុះ​នេះ​នឹង​បក់បោក​យ៉ាង​លឿន​ឆ្ពោះទៅ​ទីក្រុង​ហុងកុង​និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ​ប្រសិនបើ​វារ​ក្សា​ទិសដៅ​របស់ខ្លួន​។​
Mangkhut គឺជា​ព្យុះ​ទី​១៥​នៅ​ឆ្នាំនេះ​ដែល​វាយប្រហារ​ប្រទេស​ហ្វីលីពីន​។ ប្រទេស​នេះ​ត្រូវ​រង​ការវាយប្រហារ​ដោយ​ព្យុះ​ប្រហែល​២០​ក្នុង​មួយឆ្នាំ​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​នឹង​គ្រោះមហន្តរាយ​បំផុត​នៅលើ​ពិភពលោក​។​

ព្យុះ​ទី​ហ្វុ​ង Haiyan បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៧,៣០០​នាក់​ស្លាប់​ឬ​បាត់​ខ្លួន​និង​ជម្លៀស​មនុស្ស​ជាង​៥​លាន​នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ភាគ​កណ្តាល​កាលពី​ឆ្នាំ​២០១៣៕ AP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu