ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់សម្តីផ្អែមកញ្ញា អេមមី មិនដឹងចង់សំដៅលើបុគ្គលរូបណាឬជាការបំផុសស្មារតីរបស់មហាជននោះទេ បានជាថ្មីៗនេះនាង បានបញ្ចេញសារបង្កប់អត្ថន័យដោយទទូចស្នើឲ្យមានការផ្តល់តម្លៃមនុស្សតាមរយៈការបើកចិត្តមើលពីទង្វើល្អប្រសើរជាងការវាយតម្លៃត្រឹមឃើញសំបកក្រៅ។
តារាចម្រៀងកញ្ញា អេមមី ស្របពេលដែលអាជីពមួយរយៈពេលចុងក្រោយនេះហាក់ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែតារាស្រីរូបនេះបានបង្វែរពីអាជីពច្រៀងមកបើកមុខជំនួញរកស៊ីផ្ទាល់ខ្លួនដោយការបើកហាងលក់ផលិតផលថែរក្សាសម្ផស្ស។ ការបើកមុខរបស់ផ្ទាល់ខ្លួនរបស់ស្រីស្រស់ អេមមីត្រូវបានទស្សនិកជនអ្នកគាំទ្រមើលឃើញថា នាងកំពុងតែទទួលបានជោគជ័យនិងផ្លែផ្កាច្រើនពីអាជីពមួយនេះ។
ខណៈពេលដែលការបើកដំណើរការមុខជំនួញក្រៅអាជីពសិល្បៈកំពុងតែទទួលបានការគាំទ្រពីអតិថិជនជាច្រើននេះដែរ តារាស្រីកញ្ញា អេមមី ក៏ត្រូវបានកត់សម្គាល់ឃើញថា កន្លងមកតារាស្រីរូបនេះហាក់ដូចជាពុំសូវបង្ហាញឲ្យឃើញពីភាពហ៊ឺហានៃការមានបានឬបង្អួតសម្ញែងសម្ភារៈថ្លៃ ទំនើបៗដូចតារាប្រុសស្រីផ្សេងៗឯទៀតឡើយ។
ការមិនបញ្ចេញឬបង្អួតសម្ញែងភាពហ៊ឺហានេះទើបចម្រៀងកញ្ញា អេមមី ត្រូវបានមនុស្សមួយចំនួនយល់ថា ប្រហែលតារាស្រីរូបនេះស្ថិតក្នុងជីវភាពមិនល្អប្រសើរឡើយទើបបានជានាងសុខចិត្តទ្រាំឈរនៅទ្រឹងដោយពុំបានបញ្ចេញភាពហ៊ឺហាបង្អួតភ្នែកមហាជននោះ។ ប៉ុន្តែមកដល់ត្រង់ចំណុចនេះត្រូវបានសាមីខ្លួនកញ្ញា អេមមី លើកឡើងបញ្ជាក់ច្បាស់ៗថា សេចក្តីសុខរបស់នាងពុំមែនស្ថិតនៅលើការសម្ញែងឬបង្អួតភាពហ៊ឺហាដើម្បីយកឈ្នះចាញ់គ្នាឡើយ។
តារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ចាមកញ្ញា អេមមី បាននិយាយថា សូមទោស ខ្ញុំមិនដែលខ្វល់ពីភាពហ៊ឺហា ឬ អួតសម្ញែងរបស់ក្រៅខ្លួននោះទេ ព្រោះសេចក្ដីសុខជារបស់ដែលខ្ញុំត្រូវការបំផុត។ សូមកុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅ ទោះខ្ញុំក្រ តែខ្ញុំមានក្ដីសុខ ស្នាមញញឹមមួយនេះ សូមផ្ញើអោយអ្នកដែលស្រលាញ់ និងរាប់អានខ្ញុំទាំងអស់គ្នាណា៕
Source: Kampuchea Thmey Daily
0 Comments