Ad Code

គណៈកម្មការ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ពួក​ឧទ្ទាម​ចាកចេញ​ពី​ទីក្រុង​ក្នុង​ខេត្ត Idlib របស់​ប្រទេស ស៊ី​រី​



គណៈកម្មការ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម​នៅក្នុង​ខេត្ត Idlib របស់​ប្រទេស​ស៊ី​រី​ចាក​ចេញពី​តំបន់​ជាយក្រុង​ដើម្បី​ការពារ​ជន​ស៊ីវិល​ពី​ការរំលោភបំពាន ណាមួយ​ទៀត​ពីរ​បប​។​

សំណើ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បេសកជន​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី​លោក Staffan de Mistura កាលពី​សប្តាហ៍​មុន​បានស្នើ​ពេលវេលា​កំណត់​មួយ​សម្រាប់​អ្នក​ប្រយុទ្ធ​នៅ​ខេត្ត Idlib ឲ្យ​ដក​ចេញពី​ទីក្រុង​របស់ខ្លួន​។​

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និង​អង្គការ​សង្គ្រោះ​នានា​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា ការវាយប្រហារ​ធំៗ​នៅ​ខេត្ត Idlib ដែល​ជាប់​ព្រំប្រទល់​ប្រទេស​ទួរគី​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​មនុស្សធម៌​អាក្រក់​បំផុត​មួយ​នៃ​សង្គ្រាម​ស៊ី​រី​រយៈពេល​ប្រាំពីរ​ឆ្នាំ​មកនេះ​។​

កាលពី​ថ្ងៃ​ពុធ គណៈកម្មការ​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេស​ស៊ី​រី​បាន​អំពាវនាវ​ឲ្យ​ពួក​ជី​ហាដ​និង​ក្រុមប្រឆាំង​នានា​ចាក​ចេញពី​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​។​

លោក Paulo Pinheiro ប្រធាន​គណៈកម្មការ​បា​ន​ថ្លែងថា “​ក្រុម​ភេរ​វករ​ភាគច្រើន​និង​ក្រុម​ប្រដាប់អាវុធ​ដទៃទៀត​នៅតែ​ស្ថិតក្នុង​ទីក្រុង​”​។​

ខេត្ត Idlib និង​តំបន់​ជិតៗ​នោះ​ត្រូវបាន​គ្រប់គ្រង​ភាគច្រើន​ដោយ​ក្រុម Hayat Tahrir al-Sham (HTS) ដែលជា​សម្ព័ន្ធភាព​មួយ​ដឹកនាំ​ដោយ​អតីត​សម្ព័ន្ធ​ស៊ី​រី​របស់​ក្រុម​អាល់​កៃ​ដា​ព្រមទាំង​ពួក​ឧទ្ទាម​ជា​គូប្រជែង​ផងដែរ​។ HTS បាន​គ្រប់គ្រង​ទី​រួម​ខេត្ត Idlib ។​

ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ការបាញ់​កាំភ្លើង​ធំ​បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង​នៃ​ខេត្ត Idlib និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៃ​ខេត្ត Hama ដែល​ស្ថិតនៅ​ជិត​នោះ​។​

ប៉ុន្តែ​ក្រុម​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​បាន​និយាយថា សម្រាប់​ថ្ងៃទី​២ មិន​មានការ​វាយឆ្មក់​ពី​អាកាស​ទេ​បន្ទាប់ពី​ការវាយប្រហារ​ពី​អាកាស​និង​ការទម្លាក់​គ្រាប់បែក​ធុង​កាលពី​ចុង​សប្តាហ៍​។​
​ក្រុម​ឃ្លាំមើល​នេះ​បាន​និយាយថា ចាប់តាំងពី​ថ្ងៃទី​៤​ខែកញ្ញា​មក ការបាញ់​ផ្លោង​និង​ការវាយប្រហារ​ពី​អាកាស​ដោយ​របប​និង​ប្រទេស​រុស្ស៊ី​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងតិច​១៥​នាក់​នៅក្នុង​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់កាប់​។​

កាលពី​ថ្ងៃ​សុក្រ អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​គឺ​ប្រទេស​ទួរគី​និង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​គឺ​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​នៅ​ក្រុង​តេ​រ៉ង់​ដើម្បី​ចៀសវាង​ការវាយប្រហារ​ទៅលើ​ខេត្ត Idlib ៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu