រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​រ្វ៉ា​ន់​ដា​បានសម្រេច​ចិត្ត​ដោះលែង​មេដឹកនាំ​គណបក្សប្រឆាំង​លោកស្រី Victoire Ingabire ដែល​ជាប់ពន្ធនាគា​ររយៈ​ពេល​១៥​ឆ្នាំ​បន្ទាប់ពី​លោក​ប្រធានាធិបតី Paul Kagame ប្រើ​អំណាច​របស់គាត់​ដើម្បី​ផ្តល់​ការ​ត្រា​ប្រណី​។​

ក្រសួងមហាផ្ទៃ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោកស្រី Ingabire ដែល​ដឹកនាំ​គណបក្សប្រឆាំង FDU-Inkingi ដែល​មិនបាន​ចុះបញ្ជី​គឺ​នឹង​ត្រូវបាន​ដោះលែង​រួមជាមួយ​អ្នកទោស​ដទៃទៀត​រួមទាំង​តារាចម្រៀង Kizito Mihigo ផងដែរ​ដែល​ជាប់ពន្ធ​នាគារ​ក្នុង​ឆ្នាំ​២០១៥​សម្រាប់​ការប៉ុនប៉ង​សម្លាប់​លោក​ប្រធានាធិបតី Paul Kagame ។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Johnston Businge បាន​ប្រាប់​រ៉​យ​ទ័​រ​តាម​ទូរ​សព្ទ​ថា “​មិនមាន​អ្វី​ទាក់ទង​នឹង​នយោបាយ​ទេ​អំពី​ការដោះលែង​របស់លោក​ស្រី​ហើយក៏​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​ដែរ​អំពី​ការជាប់​ឃុំ​របស់​នាង​”​។​

នៅពេល​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ លោក​បាន​និយាយថា “​លោក​ប្រធានាធិបតី​បានផ្តល់​សេចក្ដី​មេ​ត្ដា​ករុណា​ហើយ​នៅក្រោម​រដ្ឋធម្មនុញ្ញ គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​”​។ លោក​បន្ថែមថា លោកស្រី​បានស្នើ​សុំ​ការ​មេត្តា​ចំនួន​ពីរលើក​រួចមកហើយ​កាលពី​អតីតកាល​រួមទាំង​លើកចុងក្រោយ​នៅក្នុង​ខែមិថុនា​ផងដែរ​។​

ពេលវេលា​នៃ​ការដោះលែង​លោកស្រី Ingabire មិនទាន់​ច្បាស់លាស់​ភ្លាមៗ​នោះទេ​ប៉ុន្តែ​មន្ត្រី​និង​មេធាវី​បាន​និយាយថា វា​នឹង​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​។​

លោក Kagame ត្រូវបាន​គេ​សរសើរ​ចំពោះ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​រ្វ៉ា​ន់​ដា​បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៩៤​ប៉ុន្តែ​អ្នក​រិះគន់​និយាយថា គាត់​បាន​បំបិទ​សិទ្ធិសេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកប្រឆាំង​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​របស់គាត់​មិនអាច​ទាក់ទង​បាន​ភ្លាមៗ​ទេ​។​
​លោកស្រី Ingabire ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​នៅក្នុង​ឆ្នាំ​២០១២​ពីបទ​រួមគំនិត​បង្កើត​ក្រុម​ប្រដាប់អាវុធ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​និង​ព្យាយាម​សម្រាល​សភាពការណ៍​នៃ​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៩៤​។​

លោកស្រី​បាន​វិលត្រឡប់​មកពី​ការ​និរទេស​ខ្លួន​នៅឯ​ប្រទេស​ហូ​ឡង់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែមករា​ឆ្នាំ​២០១០​ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​បដិសេធ អំពើ​ប្រល័យពូជសាសន៍​៕ REUTERS



Source: Kampuchea Thmey Daily