រតនគិរី ៖ ទីលានចាក់សំរាមមួយកន្លែងនៅត្រង់ចំណុចចុងចម្ការកៅស៊ូក្រុមហ៊ុន ហ្វីសរ៉ាប៊ើ លីមីធិត ស្ថិតនៅក្នុងភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ដែលមានចម្ងាយពីក្រុងបានលុង៧គីឡូម៉ែត្រ។ រីឯទំហំផ្ទៃដីនេះមានចំនួន២ហិកតាប៉ុណ្ណោះ ក្នុងនោះមានរណ្តៅមួយ ដែលមានជម្រៅ ៣ម៉ែត្រ .ទទឹង ៥ ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ។ ដោយមានការឯកភាពពីអាជ្ញាធរខេត្ដ ក្រុង តម្រូវឲ្យក្រុមហ៊ុនហេង ដារ៉ា ជាអ្នកប្រមូលសំរាមពីផ្សារបានលុងយកទៅចាក់ចោលនៅទីនោះ ដោយការងារត្រូវធ្វើបន្ដពីក្រុមហ៊ុនគឹមជ្រា ដែលអនុវត្ដមិនបានល្អកន្លងមក និងត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់កិច្ចសន្យាមិនឲ្យមានការប្រមូលសំរាមឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង១៥នាទីព្រឹកឈ្មោះ ជា គួង បានដឹកនាំបក្ខពួកដោយមានរថយន្ដដឹកសំរាមមួយគ្រឿង យកមកបិទផ្លូវរថយន្ដដឹកសំរាមរបស់ផ្សារបានលុង មិនឲ្យចូលទៅចាក់សំរាមនៅទីលានសំរាម ដែលសាលាដំបូងខេត្ដបានកំណត់ឲ្យដឹកសំរាមពីផ្សារបានលុងទៅចាក់នៅទីតាំងនោះ ដោយកន្លងមកអាជ្ញាធរបានកំណត់។ ទង្វើរបស់ឈ្មោះជា គួង ទាំងនេះគឺជាការរំលោភទៅនឹងការកំណត់ទីតាំងចាក់សំរាមរបស់សាលាក្រុងបានលុង ជាពិសេសទៅទៀតនោះគឺជាការរំលោភទៅនឹងដីកាសម្រេចការពាររបស់សាលាដំបូងខេត្ដរតនគិរីថែមទៀត។
លោក ជា គួង បានធ្វើព្យុះធ្វើភ្លៀងឥតឈប់ឈរដូចជាការបង្កកសំរាមនៅខាងមុខផ្សារឲ្យស្អុយរលួយរហូតដល់បីដងឯណោះ ទោះបីអាជ្ញាធរបានធ្វើការណែនាំដល់លោក ជាគួងដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន គឹម ជ្រា ចំនួន១៣ចំណុចតាមលិខិតលេខ០៩៦/១៧ ស.ជ.ណ ចុះថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០១៧ របស់អភិបាលខេត្តរតនគិរី។ តែលោក ជា គួង មិនគោរព ថែមទាំងមានចេតនារឹងរូសមិនសហការនិងមិនអនុវត្តតាមការណែនាំរបស់មន្ទីរជំនាញនិងរដ្ឋបាលក្រុងខេត្តទោះបីខេត្តបានព្យាយាមយ៉ាងណាក៏ដោយ។
រហូតមកទល់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ រថយន្តរបស់លោក ជា គួង នៅតែពុំព្រមយកចេញ។ ផ្តើមចេញឲ្យមានការកក់ស្ទះសំរាមនៅខាងមុខផ្សារកាន់តែច្រើនឡើងៗ។ លោក ជា គួង ថែមទាំងបានព្រមានមកលើក្រុមអ្នកសារព័ត៌មានយើងដែលខលសួរតែត្រូវលោកជា គួង ឆ្លើយថា ឲ្យក្រុមហ៊ុន ហេង ដារ៉ា យកសំរាមទៅចាក់លើដីកាសម្រេចរបស់តុលាការនោះទៅ កុំមកចាក់លើដីរបស់លោក។
ពាក់ព័ន្ធនឹងដីទីលានចាក់សំរាមខាងលើនោះ លោក ទន់ ពៅ ចៅសង្កាត់កាចាញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ថា ទីលានចាក់សំរាមនោះគឺ ជាដីរបស់សង្កាត់កាចាញ មិនមែនជាកម្មសិទ្ធិរបស់ឯកជនណាម្នាក់នោះឡើយ ប្រសិនជាក្រុមហ៊ុន គឹម ជ្រា អំណះអំណាងថាដីនោះជាដីរបស់គេ ទិញឬជួលសូមឲ្យបង្ហាញឯកសារមក។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ដ និងក្រុង មិនទាន់មានចំណាត់ការចំពោះរថយន្ដរបស់លោកជា គួង ដែលយកទៅពាំងបិទផ្លូវមិនឲ្យរថយន្ដដឹកសំរាមរបស់ផ្សារបានលុង ចូលទៅចាក់សំរាមបានឡើយ។ ចំណែកក្រុមអាជីវករកំពុងរង់ចាំមើលថា តើលោកជា គួង ខ្លាំងជាងអាជ្ញាធរខេត្ដ ក្រុង ឬយ៉ាងណានោះទេ៕
Source: Kampuchea Thmey Daily
0 Comments