ស្ត្រីម្នាក់និងកូនតូចរបស់នាងត្រូវបានសម្លាប់នៅពេលដើមឈើបាក់លើផ្ទះរបស់ពួកគេហើយការស្លាប់ជាច្រើនទៀតដែលទាក់ទងនឹងខ្យល់ព្យុះត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ខណៈដែលព្យុះសង្ឃរា Florence វាយប្រហាររដ្ឋ Carolina ទាំងពីរដោយបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅរដ្ឋភាគខាងកើតសហរដ្ឋអាមេរិកនិងបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង។
អ្នកស្លាប់ចំនួន៤នាក់ត្រូវបានបញ្ជាក់ដោយក្រុមមន្ត្រីខណៈដែលប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍អំពីអ្នកស្លាប់ផ្សេងទៀត។
មនុស្សរាប់រយនាក់ត្រូវការការជួយសង្គ្រោះបន្ទាប់ពីជាប់នៅក្នុងផ្ទះរបស់ពួកគេដោយសារព្យុះនេះនៅទីក្រុង New Bern ដែលជាទីក្រុងមានប្រជាជន៣០,០០០នាក់នៃរដ្ឋ North Carolina។
នៅម៉ោង៨យប់ ព្យុះ Florence ត្រូវបានបន្ទាបទៅជាព្យុះត្រូពិកដោយមជ្ឈមណ្ឌលព្យុះជាតិ (NHC) ប៉ុន្តែអាជ្ញាធរបានព្រមានថា គ្រោះមហន្តរាយគឺធំធេងហើយព្យាករណ៍ថា ការកើនឡើងនៃខ្យល់ព្យុះដែលគំរាមកំហែងដល់អាយុជីវិតមួយនេះនិងខ្យល់បក់យ៉ាងខ្លាំងគឺនឹងបន្ត។
លោក Roy Cooper អភិបាលរដ្ឋ North Carolina បាននិយាយថា “យើងរំពឹងថានឹងមានភ្លៀងធ្លាក់ច្រើនថ្ងៃបន្ថែមទៀត”។ លោក Cooper បានថ្លែងទៀតថា “នៅសប្តាហ៍ក្រោយនេះ ទឹកទន្លេរបស់យើងនឹងបន្តកើនឡើងហើយនឹងមានទឹកជំនន់កាន់តែច្រើន”។
គាត់បាននិយាយថា មានមនុស្សចំនួន៣នាក់ត្រូវបានអះអាងថាស្លាប់ដោយសារព្យុះនេះហើយមនុស្សមួយចំនួនទៀតកំពុងត្រូវបានគេស៊ើបអង្កេតដើម្បីកំណត់ថាតើការស្លាប់របស់ពួកគេមានទាក់ទងនឹងព្យុះនេះដែរឬក៏អត់។
អតិថិជនជាង៧៦០,០០០នាក់នៅរដ្ឋ North Carolina គឺគ្មានអគ្គិសនីប្រើប្រាស់ហើយមនុស្ស២១.០០០នាក់ត្រូវបានគេដាក់នៅក្នុងជម្រកចំនួន១៥៧នៅទូទាំងរដ្ឋ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតី Donald Trump នឹងចុះទៅតំបន់ដែលរងការវាយប្រហារដោយខ្យល់ព្យុះនៅសប្តាហ៍ក្រោយនៅពេលដែលមានការកំណត់ថា ការធ្វើដំណើររបស់គាត់នឹងមិនបង្អាក់កិច្ចកិច្ចខិតខំប្រឹងប្រែងសង្គ្រោះឬការស្តារឡើងវិញណាមួយនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments