លោក Paul Manafort អតីតប្រធានយុទ្ធនាការរបស់លោកប្រធានាធិបតី Donald Trump បានយល់ព្រមកាលពីថ្ងៃសុក្រដើម្បីសហការក្នុងការស៊ើបអង្កេតជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ី។ ការសម្រេចចិត្តរបស់លោក Manafort បានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងមួយ។
លោក Manafort ដែលដឹកនាំប្រតិបត្ដិការបោះឆ្នោតរបស់លោក Trump នៅពាក់កណ្តាលឆ្នាំ ២០១៦បានទទួលការកាត់បន្ថយការចោទប្រកាន់ពីបទសមគំនិតក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលគាត់ត្រូវកាត់ទោសសម្រាប់ការលាងលុយកខ្វក់ ការបញ្ចុះបញ្ចូលមិនស្របច្បាប់និងការរារាំងសាក្សី។
កិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យមានមនុស្សឡើងដល់៧នាក់ហើយដែលបានសារភាពថាមានកំហុសក្នុងករណីពាក់ព័ន្ធនឹងការស៊ើបអង្កេតអាយុ១៦ខែរបស់លោក Mueller អំពីថាតើយុទ្ធនាការរបស់លោក Trump បានឃុបឃិតជាមួយរុស្ស៊ីដែរឬក៏យ៉ាងណា។
សេតវិមានបានទទូចថា ការទទួលយកកំហុសរបស់លោក Manafort នៅក្នុងការចោទប្រកាន់ដែលទាក់ទងទៅនឹងការងាររបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលមួយទសវត្សរ៍មុនការបោះឆ្នោតឆ្នាំ២០១៦នោះគឺមិនទាក់ទងទៅនឹងប្រធានាធិបតីទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានថ្លែងថា “រឿងនេះមិនមានអ្វីជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីឬយុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦ដែលទទួលបានជ័យជំនះនោះទេ”។
មេធាវីរបស់លោក Manafort គឺលោក Kevin Downing បាននិយាយថា កូនក្តីរបស់លោកបានយល់ព្រមសហការដើម្បីការពារគ្រួសាររបស់លោក។ លោក Downing បានបន្ថែមថា “គាត់បានទទួលយកការទទួលខុសត្រូវចំពោះការប្រព្រឹត្ដដែលកើតឡើងកាលពីប៉ុន្មានឆ្នាំមុន”។
កិច្ចព្រមព្រៀងរបស់លោក Manafort បានកើតឡើងក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក Trump គឺលោក Michael Cohen បានចង្អុលទៅប្រធានាធិបតីដោយផ្ទាល់នៅពេលលោកបានសារភាពកំហុសនៅទីក្រុងញូវយ៉កចំពោះការចោទប្រកាន់អំពីការរំលោភបំពានផ្នែកហិរញ្ញប្បទានយុទ្ធនាការនិងទាក់ទងនឹងការបំបិទមាត់របស់នារីដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយលោក Trump ៕ AFP
Source: Kampuchea Thmey Daily
0 Comments