Ad Code

មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​នៅ​អាស៊ីអាគ្នេយ៍​ បាន​បើក​ក្នុងប្រទេស​ថៃ



មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​មួយ​បាន​បើក​ដំណើរការ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​មកពី​បណ្តា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ឲ្យ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​ការវាយប្រហារ​មួយ​នេះ​។​

គំនិត​នៃ​មជ្ឈមណ្ឌល​កសាង​សមត្ថភាព​សន្តិសុខ​អ៊ីនធឺណិត​អាស៊ាន - ជប៉ុន​បានកើត​ចេញពី​កិច្ចប្រជុំ​មួយ​រវាង​អាស៊ាន​និង​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំមុន​។​

បុគ្គលិក​សន្តិសុខ​អ៊ីនធឺណិត​ប្រហែល​៧០០​នាក់​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​ការសិក្សា​ពី​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ប្រទេស​ជប៉ុន​ដែល​រួមមាន​ដូចជា​ការការពា​រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កោសល្យ​វិ​ច្ច័​យ​ឌីជីថល​និង​ការវិភាគ​មេរោគ​។​

លោកស្រី Surangkana Wayuparb នាយក​ប្រតិ​ប​តិ្ត​នៃ​អង្គភាព Electronic Transaction Development Agency របស់​ប្រទេស​ថៃ​បាន​និយាយថា “​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​កំពុង​ជួបប្រទះ​នឹង​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​កាន់​តែមាន​ភាពស្មុគស្មាញ​ប៉ុន្តែ​បុគ្គលិក​សន្តិសុខ​អ៊ីនធឺណិត​មិនទាន់មាន​គ្រប់គ្រាន់​ទេ​”​។​

ប្រទេស​សិង្ហ​បុរី​បាន​ទទួលរង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​អាក្រក់​បំផុត​កាលពី​ខែកក្កដា​នៅពេល​ពួក Hacker លួច​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​មនុស្ស​ប្រហែល​១.៥​លាន​នាក់​រួមទាំង​នាយករដ្ឋមន្ត្រី Lee Hsien Loong ផងដែរ​ពី​ទិន្នន័យ​សុខាភិបាល​របស់​រដ្ឋាភិបាល​។​

កាលពីដើម​ឆ្នាំនេះ ប្រទេស​ម៉ាឡេស៊ី​និយាយថា ខ្លួន​បាន​បង្អាក់​ការប៉ុនប៉ង​វាយប្រហារ​តាម​អ៊ីនធឺណិត​លើ​ធនាគារកណ្តាល​របស់ខ្លួន​។​

ប្រទេស​ថៃ​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ការពារ​សុវត្ថិភាព​ទិន្នន័យ​និង​អ៊ីនធឺណិត​ដែល​ខ្លួន​រំពឹងថា​នឹង​ក្លាយជា​ច្បាប់​នៅ​ចុងឆ្នាំ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu