Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​វេ​ស្ទើ​ន ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​អាស៊ី​អឺរ៉ុប​ជួប​ភ្នំពេញ​ក្រោ​ន និង​បឹងកេត ទទួល​អគ្គីសនី​កម្ពុជា



ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​បឹងកេត ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ២០១៨ លើ​២​ទីលាន​ផ្សេងគ្នា ក្នុង​សប្ដាហ៍​ទី​២០ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​។



*​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ
ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេស្ទើ​ន ខណៈ​ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​ផងដែរ​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទើបតែ​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឆ្លងកាត់​១៩​ប្រកួត​មកនេះ​។ ក្រុម​នេះ​កំពុង​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ម៉ាឡេស៊ី លោក FIZOL BIN A.RAZAK​។ ឆ្លងកាត់​ការប្រកួត​មួយរយៈ​ពេលនេះ​មក​លោក​បាន​មើលឃើញ​ពី​កម្រិត​ប្រកួតប្រជែង​និង​តម្រូវការ​ទាមទារ​នៅក្នុង​លី​គ​កម្ពុជា ដែលជា​បទ​ពិសោធ​ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​របស់លោក​ក៏ដូចជា​សម្រាប់​លោក​ផ្ទាល់​ផងដែរ​។



​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​១៩​លើក​មក ឈ្នះ​បាន​៦ លើក​ស្មើគ្នា​បាន​៥​លើក និង​ចាញ់​៨​លើក​មាន​២៣​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែល​ជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence​។ លោក Akihiro Kato ដែលជា​ប្រធាន​ក្លិប​បានដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។

*​អាស៊ី​អឺរ៉ុប ជួប​ភ្នំពេញ​ក្រោ​ន​
ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប នឹង​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​ដែលជា​ទឹកដី​កណ្តាល​ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល ខណៈ​ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុងតែ​ស្រោចស្រង់​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ដោយសារតែ​ទឹកជំនន់​បណ្តាល​ឲ្យ​បាក់​ទំនប់​ហើយ​ទឹក​ហូរ​ចូល​ពេញ​បរិវេណ​កីឡដ្ឋាន​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៩ បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែល​មាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​១៩​លើក ឈ្នះ​បាន​៦​លើក ស្មើគ្នា​៥​លើក និង​ចាញ់​៨​លើក មាន​២៣​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​២០​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។



​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អមដោយ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​។ ក្រុម​នេះ​អស់​ឱកាស​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះហើយ​។ ប្រកួត​បាន​១៩​លើក​មកនេះ​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៥ មាន​៣០​ពិន្ទុ​ក្រោយ​ឈ្នះ​បាន​៩​លើក ស្មើ​៣​លើក និង​ចាញ់​៧​លើក​។



*​បឹងកេត ប៉ះ​អគ្គីសនី​កម្ពុជា​
ក្រុម​បឹងកេត ត្រូវ​ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុម​បឹងកេត កំពុងតែ​ឈរ​លេខ​២​ក្នុង​តារាង ក្រោយ​ឆ្លងកាត់​១៩​ប្រកួត​មកនេះ​ឈ្នះ​រហូតដល់​១៤​ប្រកួត ស្មើគ្នា​៣​ប្រកួត​និង​ចាញ់​២​ប្រកួត​មាន​៤៥​ពិន្ទុ​។ លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុងតែ​ឈឺក្បាល​រឿង​កីឡាករ​របួស ខណៈ​រូបលោក​ទើបតែ​ត្រូវ​ពិន័យ​មិនឱ្យ​ចូល​ទីលាន​រយៈពេល​១​ខែ​។ មិនតែប៉ុណ្ណោះ​លោក​បាន​សម្លឹង​ឃើញ​ក្រុម​ណាហ្គា​វើ​ល និង​វិសាខា ជា​គូប្រជែង​មិនអាច​មើលរំលង​បាន​ក្នុង​ការដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។



សម្រាប់​ក្រុម​អគ្គីសនី​កម្ពុជា វិញ​មិនទាន់​គេច​ផុតពី​តំបន់​បាត​តារាង​នៅឡើយ​នោះទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​៣​លើក និង​ចាញ់​១៤​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu