បេក្ខជនប្រធានាធិបតីប្រេស៊ីលប្រកាន់ស្តាំលោក Jair Bolsonaro ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីត្រូវបានគេចាក់ក្នុងអំឡុងយុទ្ធនាការឃោសនាគឺនៅតែរក្សាការនាំមុខក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតជុំទីមួយ ប៉ុន្តែគូប្រជែងឆ្វេងនិយមមកពីគណបក្សកម្មករ (PT) មានការកើនឡើងការគាំទ្រយ៉ាងច្រើន។
យោងតាមការស្ទង់មតិ Datafolha ដែលចេញផ្សាយដោយកាសែត Folha de S. Paulo បានបង្ហាញថា លោក Bolsonaro ត្រូវបានគាំទ្រដោយសំឡេង២៦ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិដែលនេះជាការកើនឡើងពីរភាគរយពីការស្ទង់មតិដូចគ្នាដែលបញ្ចេញកាលពីដើមសប្តាហ៍។
ការវាយប្រហារដោយកាំបិតលើលោក Bolsonaro កាលពីសប្តាហ៍មុនបានធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតទៅលើការបោះឆ្នោតដែលមិនអាចទាយទុកជាមុនបានរបស់ប្រទេសប្រេស៊ីលក្នុងរយៈពេលបីទសវត្សរ៍មកនេះខណៈអ្នកនយោបាយពេញនិយមបំផុតរបស់ខ្លួនដែលជាប់ពន្ធនាគារគឺអតីតប្រធានាធិបតី Luiz Inacio Lula da Silva ត្រូវបានហាមឃាត់ពីការឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្ងៃទី៧ខែតុលាដោយសារតែការកាត់ទោសពីបទពុករលួយ។
អ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសដោយលោក Lula ដើម្បីឈរឈ្មោះសម្រាប់គណបក្ស PT គឺជាអតីតអភិបាលក្រុង Sao Paulo លោក Fernando Haddad ដែលបានកើនការគាំទ្រដល់១៣ភាគរយក្នុងការស្ទង់មតិកាលពីថ្ងៃសុក្រដែលនេះជាការកើនឡើង៤ពិន្ទុ។
ការគាំទ្រលើលោក Lula ត្រូវបានគេរំពឹងថានឹងជំរុញឲ្យលោក Haddad ឈានទៅដល់ការបោះឆ្នោតជុំទីពីរនៅថ្ងៃទី២៨ខែតុលាដែលតម្រូវឲ្យធ្វើឡើងប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទីមួយ។
ការស្ទង់មតិរបស់ Datafolha បានបង្ហាញថា លោក Bolsonaro ដែលបានចំណាយពេលអស់ជិត៣ទសវត្សនៅក្នុងសភានិងលោក Haddad នឹងត្រូវជួបគ្នាក្នុងការបោះឆ្នោតជុំទី២៕ REUTERS
Source: Kampuchea Thmey Daily
0 Comments