នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe គ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅថ្ងៃអង្គារប៉ុន្តែលោកត្រូវបានគេរំពឹងថា នឹងរក្សារដ្ឋមន្ត្រីសំខាន់ៗនៅក្នុងតំណែងរបស់ពួកគេដោយរួមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ការបរទេសនិងសេដ្ឋកិច្ចផងដែរដែលបានធ្វើកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លោក Abe ដែលបានវិលត្រឡប់មកកាន់តំណែងវិញនៅខែធ្នូឆ្នាំ២០១២បានជាប់ឆ្នោតជាថ្មីជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីខែមុនដោយធ្វើឲ្យគាត់ស្ថិតនៅលើផ្លូវក្នុងការក្លាយទៅជានាយករដ្ឋមន្ត្រីបម្រើការយូរបំផុតរបស់ប្រទេសជប៉ុន។
ក្រុមអ្នកជំនាញខាងនយោបាយបាននិយាយថា ការរុះរើរបស់លោក Abe ហាក់ដូចជាផ្តោតលើស្ថេរភាពនៅពេលដែលលោកត្រៀមជំរុញឲ្យមានសំណើដ៏ចម្រូងចម្រាសមួយដើម្បីកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពក្រោយសង្គ្រាម។
លោក Abe បាននិយាយថា លោកចង់រក្សាសម្ព័ន្ធមិត្តគឺឧបនាយករដ្ឋមន្ត្រី Taro Aso ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីប្រធានខុទ្ទកាល័យលោក Yoshihide Suga ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកក៏នឹងរក្សារដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម Hiroshige Seko, រដ្ឋមន្ត្រីការបរទេសTaro Kono និងរដ្ឋមន្ត្រីសេដ្ឋកិច្ចToshimitsu Motegi ផងដែរ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Abe នឹងយកលោក Takeshi Iwaya ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីជំនួសលោក Itsunori Onodera ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
របាយការណ៍បានឲ្យដឹងទៀតថា សម្ព័ន្ធមិត្តជិតស្និទ្ធិគឺអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Akira Amari ដែលបានលាលែងពីតំណែងដោយសាររឿងអាស្រូវថវិកាក្នុងឆ្នាំ២០១៦ទំនងជាក្លាយជានាយកប្រតិបត្តិរបស់ LDP ដែលទទួលបន្ទុកយុទ្ធសាស្ត្របោះឆ្នោតមុនការបោះឆ្នោតសភាជាន់ខ្ពស់ដ៏សំខាន់នៅឆ្នាំក្រោយ។
រដ្ឋបាលរបស់លោក Abe បានជួបប្រទះបញ្ហាប្រឈមដ៏ធំនៅពេលអ្នកនយោបាយគាំទ្រដោយគណបក្សប្រឆាំងបានឈ្នះលើគូប្រជែងដែលគាំទ្រយ៉ាងខ្លាំងដោយប្លុកកាន់អំណាចរបស់លោក Abe នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យសម្រាប់តំណែងអភិបាលកោះអូគីណាវ៉ា៕ REUTERS
Source: Kampuchea Thmey Daily
0 Comments