ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តបរាជ័យក្នុងវគ្គជម្រុះពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ក្រោយចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយលទ្ធផល៣ទល់១ នៅល្ងាចថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះលើទីលានកីឡដ្ឋានMandalarthiri Stadium ក្នុងទីក្រុងMandalay ប្រទេសមីយ៉ាន់ម៉ា។
លោកFélix Agustín González Dalmás ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទស្សនៈរបស់ខ្លួនក្រោយចប់ការប្រកួតថា «នៅវគ្គទី១យើងលេងបានល្អ រហូតនាំមុខមួយគ្រាប់មុនប៉ុន្តែចូលវគ្គទី២យើងក៏នៅតែលេងបានល្អដែរ។ យើងរបូតគ្រាប់បាល់ដោយសារក្រុមគូប្រជែងចាប់ឱកាសបានពេលយើងកំពុងធ្លាក់ចុះកម្លាំង។ យើងមានហេតុផលសម្រាប់ការប្រកួត ពេលយើងចាញ់តែវាគឺជាឱកាស សម្រាប់អ្នកលេងម្នាក់ ដែលគ្មានគ្រូ គ្មានជំនាញ តែមានការប្រឹងប្រែងយ៉ាងពិតប្រាកដ…។ យើងនៅតែសង្ឃឹមថា ប្រកួតក្រោយៗ យើងនឹងទទួលបានជ័យជម្នះ»។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV News ផងដែរ។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា ប្រកួតបើកឆាកចាញ់ក្រុមម៉ាឡេស៊ី ១ទល់០ នៅថ្ងៃទី៨ ខែវិច្ឆិកា មុនបន្តចាញ់ក្រុមប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤ទល់១ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ។ សម្រាប់ប្រកួតបន្ទាប់គឺត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ ដែលជាប្រកួតចុងក្រោយប្រចាំវគ្គជម្រុះតាមពូលនេះ៕
Source: Kampuchea Thmey Daily
0 Comments