ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ត្រីបសុសត្វបង្កើនការត្រួតពិនិត្យ ការធ្វើចរាចរណ៍បក្សីនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្ដាសាយបក្សីនៅក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
ថ្លែងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ការជំរុញត្រួតពិនិត្យការធ្វើចរាចរណ៍សត្វបក្សីនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែពិធីនេះតែងតែមានការធ្វើចរាចរសត្វបក្សីមកពីតាមបណ្ដារាជធានីខេត្តនានានៅទូទាំងប្រទេស និងប្រទេសជិតខាងចូលមកក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលមកទស្សនាការប្រណាំងទូកពិសេសកីឡាករទូករាប់ម៉ឺននាក់ដែលចូលរួមប្រណាំង។
លោកបានជំរុញឲ្យមន្ត្រីបសុសត្វត្រូវបង្កើនការត្រួតពិនិត្យការធ្វើចរាចរណ៍សត្វបក្សីពីដើមទីរហូត ដល់ចុងទី ពិសេសនៅតាមច្រកព្រំដែនប្រទេសវៀតណាម និងថៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្ដាសាយបក្សី នៅពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។
លោកបានបន្ថែមទៀតថា ក្រៅពីត្រួតពិនិត្យការធ្វើចរាចរណ៍បក្សីមន្ត្រីបសុសត្វត្រូវបង្កើនការផ្សព្វផ្សាយអប់រំស្ដីពីវិធានការការចំលងជំងឺផ្ដាសាយបក្សី ដល់អ្នកចិញ្ចឹមសត្វ និងប្រជាពលរដ្ឋបានយល់ដឹង ដើម្បីបង្ការខ្លួនកុំឲ្យឆ្លងជំងឺផ្ដាសាយបក្សី ខណៈជំងឺនេះបានធ្វើឲ្យប្រជាពលរដ្ឋឆ្លង និងស្លាប់មួយចំនួនរួចមក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវប៉ះពាល់ ឬយកមាន់ ទា ឬសត្វបក្សីឈឺ ឬងាប់ មករៀបចំជាអាហារនិងត្រូវអនុវត្តអនាម័យក្នុងការបោចរោម និងការចម្អិនជាប់ជានិច្ច ដើម្បីការពារកុំឲ្យឆ្លងជំងឺផ្ដាសាយបក្សី។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ចំពោះរោគសញ្ញាជំងឺផ្ដាសាយបក្សី រួមមានគ្រុនក្ដៅ លើសពី ៣៨.៥ អង្សាសេ និង ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល៧ថ្ងៃ មុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។
ពាក់ព័ន្ធនឹងជំងឺផ្ដាសាយបក្សីនេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូ រាល់ពេលក្អក កណ្ដាស់ ឬក្រោយពេលជូតសំបោរ មុននឹងប៉ះជាមួយអ្នកដទៃ។
មិនត្រូវប៉ះពាល់ ឬយកមាន់ ទា បក្សីងាប់ ឈឺ មកធ្វើអាហារ ឬលក់បន្តទៀតឡើយ។ ប្រសិនចាំបាច់ត្រូវចម្អិនម្ហូបអាហារឲ្យបានឆ្អិនមុននឹងទទួលទាន។ ដុត ឬកប់ចោល ចំពោះបក្សីដែលងាប់ ឬ ពេលកាន់បក្សីមាន់ ទា ត្រូវប្រើស្រោមអនាម័យ និងត្រូវចាប់បក្សីដែលឈឺដាក់ទ្រុងដោយឡែកពីបក្សីផ្សេងទៀត។
លោកសាស្ត្រាចារ្យ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ដែលបានដឹង ឬក្រុមគ្រួសារដែលសង្ស័យថាកើតជំងឺផ្ដាសាយបក្សី ត្រូវរាយការណ៍ទៅគ្រូពេទ្យដែលនៅជិតបំផុត ហើយមិនត្រូវប៉ះពាល់អ្នកសង្ស័យថា កើតមានជំងឺ រហូតដល់ពេទ្យបញ្ជាក់ថា មិនកើតជំងឺផ្ដាសាយបក្សីH5N1។
តាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថា នៅប្រទេសកម្ពុជាជំងឺផ្ដាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ក្នុងនោះមាន៣៧ករណីបានស្លាប់។
ដោយឡែក គ្រាន់តែឆ្នាំ២០១៣ មានឆ្លងលើមនុស្សចំនួន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១,២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments