សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបចុះបង្ក្រាបទីតាំងគ្រឹះស្ថាន លក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ(ឡេលាយ)។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៦ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកបន្តថា ការចុះបង្ក្រាបទីតាំងគ្រឹះស្ថាន លក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ដែលមានម្ចាស់ឈ្មោះជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំនេះ គឺយើងបានស្រាវជ្រាវរកឃើញទីតាំងខាងលើនេះ បើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ។
លោកបន្តថា វត្ថុតាងដកហូតរួមមានឡេលាយ គ្មានច្បាប់ទម្លាប់ចំនួន១១មុខ ស្មើនឹង១៧០៦ប្រអប់។ លោកបន្តថា ចំពោះម្ចាស់ទីតាំងឈ្មោះជា ដារ៉េត កម្លាំងលោកបាននាំខ្លួនទៅសាកសួរនៅស្នងការខេត្តបន្ថែមទៀត ដើម្បីស្រាវជ្រាវរកអ្នកផលិតឡេក្លែងក្លាយទាំងនេះ យកផ្តន្ទាទោសតាមផ្លូវច្បាប់។ ព្រោះម្ចាស់ទីតាំងខាងលើនេះបានឆ្លើយសារភាពថា លោកគ្រាន់តែទិញយកមកលក់ហើយមិនដឹងពីផ្លូវច្បាប់។
លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងថា ត្រូវឃាត់ខ្លួនឬយ៉ាងណានោះទេ ពោលគឺអាស្រ័យលើ លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ជាអ្នកសម្រេច ថាត្រូវឃាត់ខ្លួនឬក៏ផាកពិន័យ។ ប៉ុន្តែបច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំសិន៕
Source: Kampuchea Thmey Daily
0 Comments