ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០១៨ ក្រសួងការពារជាតិ (ទ័ព) នឹងប្រកួតជាមួយក្រុម BTU FC នៅវេលាម៉ោង២រសៀល ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្នុងពានរង្វាន់អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅខេត្ត Nanning ប្រទេសចិន។
ពានរង្វាន់នេះ មានក្រុមចំនួន៤ចូលរួមដោយក្នុងនោះមានក្រុម២មកពីថៃគឺ Police Tero Sasana និងក្រុមសាកលវិទ្យាល័យ BTU FC បូករួមទាំងក្លិប Than Quang Ninh របស់វៀតណាមនិងក្រុមក្រសួងការពារជាតិរបស់កម្ពុជា។ តាមក្រោយក្រុមក្រសួងការពារជាតិប៉ះក្រុម BTU FC ក្រុមដែលទទួលបានជ័យជម្នះនឹងត្រូវឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រ តែម្តង។
ក្រុមក្រសួងការពារជាតិ របស់កម្ពុជា បានចេញដំណើរនៅព្រឹកថ្ងៃច័ន្ទ សប្ដាហ៍នេះ ដែលមានថ្នាក់ដឹកនាំដូចជាលោក ខូវ ឆាយ ជាអគ្គលេខាធិការក្លិប លោក ទេព ឡុងរចនា ជាអ្នកចាត់ការទូទៅក្លិបលោក ភា សុភត្រា ជាគ្រូបង្វឹកលោក អ៊ុំ សាវង្ស, ហោ សុខហេង,ឡុង សុធារ៉ា និង លេង ណាវីន ជាជំនួយការគ្រូបង្វឹក។ ចំណែកកីឡាករមាន សំរឹទ្ធ សីហា, គឹម ស៊ីម៉េង, ខែក ខេមរិន្ទ, រឿម ចាន់រឿន, ម៉ាត់ សាត់យ៉ា,អ៊ែល ធីហឿត, អ៊ុព កាម៉ុល, ង៉ែត លីទី,សុខ ហៀង,ភួង សុខសាណា, ជា ណាវីន, កាន់ ពិសាល, ទូច រ៉ូម៉ា,ណារ៉ុង កក្កដា។ ក្រៅពីនោះកីឡាករបរទេសមាន Yoo Jae Ho ជនជាតិកូរ៉េខាងត្បូង, Yudai Ogawa ជនជាតិជប៉ុន,MOHAMED HAMZA ជនជាតិអេហ្ស៊ីប, Na Hyosung ជនជាតិកូរ៉េខាងត្បូង។
ដំណើរទៅកាន់ប្រទេសចិន នេះត្រូវបានក្លិបក្រសួងការពារជាតិ គិតថាគឺជាឱកាសក្នុងការធ្វើតេស្តសមត្ថភាពដល់កីឡាករថ្មីៗមួយចំនួនមុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ខណៈលោកក៏បានចុះបញ្ជីកីឡាករយុវជន៤នាក់ នៅក្នុងក្រុមដើម្បីជំនួសកីឡាករសំខាន់ៗដែលកំពុងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។ កីឡាករទាំងអស់នោះមានឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ៕
Source: Kampuchea Thmey Daily
0 Comments