ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកចៅក្រម ម៉ុង មុន្នីសោភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យលោកស្រី លី អ៊ុំអេង ឲ្យមានសេរីភាពវិញ ក្រោមរូបភាពដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បន្ទាប់ពីមានលោកធំម្នាក់រត់ការយកប្រាក់មកតម្កល់ធានាសំណងរដ្ឋប្បវេណី។
គួររំលឹកថា អ្នកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុនលីអ៊ុំអេងលីមីធីត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទឹកដីខេត្តសៀមរាបតាមដីការបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ចំនួនជាង៣លានដុល្លារអាមេរិក។
បន្ទាប់ពីចាប់ខ្លួនបានហើយ សាលាដំបូងខេត្តសៀមរាបបានផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងនេះមកសាលាដំបូងរាជធានីភ្នំពេញវិញ រួចបញ្ជូនអ្នកស្រី លី អ៊ុំអេងមករាជធានីភ្នំពេញ ហើយអយ្យការអមសាលាដំបូងបានសម្រេចប្រគល់ជនជាប់ចោទឲ្យលោកចៅក្រមម៉ុង មុន្នីសោភា ចាត់ការតាមនីតិវិធី។
រហូតមកដល់ព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកម៉ុង មុនីសោភាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដាក់ជនត្រូវចោទ លី អ៊ុំអេង ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពោលគឺមិនឃុំខ្លួនជនជាប់ចោទ ដោយសារមានអ្នកធំម្នាក់បានរត់ការយកប្រាក់មកតម្កល់ធានាសំណងជាង៣លានដុល្លារនោះ។
លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកស្រី លី អ៊ុំអេង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួននេះគឺអ្នកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។ ក្រៅពីសំណុំរឿងនេះនៅមានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទអ្នកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប ប៉ុន្តែរឿងក្ដីនេះការដោះស្រាយហាក់មិនជឿនលឿនទៅមុខទេ ដោយសារអាជ្ញាធរហាក់ដូចជាមិនមានចេតនាដោះស្រាយឲ្យចប់៕
Source: Kampuchea Thmey Daily
0 Comments