បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ នៅកណ្ដាលទ្រូងថ្នល់គួរឲ្យតក់ស្លុតជាទីបំផុត ខណៈដែលកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវសុខៗ ស្រាប់តែម៉ូតូ១គ្រឿង ដែលនៅខាងមុខ បានបត់ឆ្វេងដោយមិនបានផ្តល់សញ្ញា ទើបបង្កឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាល មនុស្សម្នាក់។
បើតាមសាក្សីបាននិយាយថា ម៉ូតូបង្ក គឺម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៊ុន ណាត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ (របួសស្រាល) ដោយម៉ូតូនេះបានបើកបរនៅពីមុខ ម៉ូតូម៉ាកហុងដាទ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង1V9518 បើកបរដោយឈ្មោះ ឈួន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ (ស្លាប់)។
សាក្សីបានបន្តថា ខណៈដែលម៉ូតូទាំង២គ្រឿង កំពុងបើកបរស្របទិសគ្នានោះស្រាប់តែម៉ូតូវេវ បានបត់ឆ្វេងដោយមិនបានផ្ដល់ជាសញ្ញា ទើបធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះ បុកពីចំហៀងយ៉ាងពេញទំហឹងតែម្ដង ដោយបច្ចុប្បន្ន សព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ចំណែកម៉ូតូទាំង២គ្រឿង ក៏ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំជាបណ្ដោះអាសន្នដែរ៕
Source: Kampuchea Thmey Daily
0 Comments